សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៖ សប្បាយចិត្តជាងថ្ងៃណាៗទាំងអស់ ជាថ្ងៃដែលបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ចំណូលពន្ធដារ ប្រមូលថវិកាបានរហូតដល់ ២៣៦លានដុល្លារ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ជាថ្ងៃដែលសម្តេចសប្បាយចិត្តជាងថ្ងៃណាៗទាំងអស់ សប្បាយដោយសារតែថ្ងៃម្សិលមិញនេះ ជាថ្ងៃដែលបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ចំណូលពន្ធដារ ប្រមូលថវិកាបានរហូតដល់ ២៣៦លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើតាមការវាយតម្លៃចំណូលពន្ធដារសម្រាប់ខែមីនា ឆ្នាំ២០២២នេះ នឹងប្រមូលបានជាង៧០០លានដុល្លារ ខណៈនៅត្រីមាសទី១ ឆ្នាំនេះចំណូលពន្ធដារ អាចប្រមូលបានរហូតដល់ជាង ១២០០លានដុល្លារអាមេរិក កើនឡើងចំនួន២០០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំណូលពន្ធដារកើនឡើងក្នុងខែមីនានេះ ដោយសារតែខែនេះ ជាខែដែលបណ្តាក្រុមហ៊ុននានា ដល់ពេលវេលាត្រូវបង់ពន្ធលើប្រាក់ចំណេញ ដែលត្រូវបិទបញ្ជីប្រចាំឆ្នាំ២០២១។ បើតាមសម្តេចតេជោ ក្នុងខែមីនានេះ ចំណូលសារពើពន្ធដែលបានមកពីពន្ធដារជាង៧០០លានដុល្លារ និងពន្ធគយ ២០០លានដុល្លារ នោះថវិកាពន្ធមានជាង៩០០លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រៀបធៀបលើចំណូល-ចំណាយរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២១ និងឆ្នាំ២០២២នេះថា នៅឆ្នាំមុនរាជរដ្ឋាភិបាលបានចំណាយច្រើន លើការប្រយុទ្ធប្រឆាំងកូវីដ១៩ ហើយការប្រមូលចំណូលត្រឡប់មានចំនួនតិច ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ រាជរដ្ឋាភិបាលក៏នៅចំណាយច្រើនដដែល ប៉ុន្តែចំណូលសារពើពន្ធក៏ទទួលបានមកវិញច្រើន តាមរយៈការបើកដំណើរការសេដ្ឋកិច្ច ពេញលេញឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងបទពិសោធន៍សម្តេចធ្វើជានាយករដ្ឋមន្ត្រីជាង៤០ឆ្នាំមកនេះ ធ្វើនាយករដ្ឋមន្ត្រីភ័យជាងគេ គឺអត់មានសាច់ប្រាក់បើកប្រាក់បៀវត្ស ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ សម្តេចបន្តថា រាជរដ្ឋាភិបាលបានប្រឹងប្រែងសន្សំសាច់ប្រាក់យ៉ាងខ្លាំង ទើបទប់ទល់នឹងការចំណាយលើបញ្ហាកូវីដ១៩ រយៈពេល២ឆ្នាំមកនេះបាន។ សម្តេចបញ្ជាក់ថា ដើម្បីជួយសម្រាលទុក្ខលំបាក ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ ក្នុង១ខែៗរាជរដ្ឋាភិបាលចំណាយថវិកាជិត៤០លានដុល្លារ។
សូមជម្រាបថា នេះឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ២,៧៨១.៩២ លានដុល្លារ គឺស្មើនឹង១២៤.០២% នៃផែនការប្រចាំឆ្នាំ ពោលគឺលើសផែនការចំនួន ២៤.០២% ស្មើនឹង ២ ១៨២.៣៧ប៊ីលានរៀលប្រមាណជា ៥៣៨.៨៥លានដុល្លារ។
ដោយឡែកសម្រាប់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២១ ប្រមូលចំណូលបាន ២,២៩៥.២ លានដុល្លារ ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះ គឺសម្រេចបាន ៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង