ប្រជាពលរដ្ឋប្រមាណ៣០០នាក់ កើតទុក្ខមិនសុខចិត្តនឹងអាជ្ញាធរ បានបិទផ្លូវ១ខ្សែពីទំហំធំមកនៅទំហំតូច ធ្វើឲ្យកសិករចេញចូលគ្រឿងចក្រកសិកម្មមិនបាន ក៏នាំគ្នាយកត្រាក់ទ័រទៅបិទផ្លូវតវ៉ាឲ្យអាជ្ញាធរជួយសម្រួលបើកផ្លូវធំទូលាយដូចមុនឡើងវិញ

បាត់ដំបង ៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរឃ្មុំឃុំរស្មីសង្ហារស្រុករតនមណ្ឌលខេត្តបាត់ដំបងជាប់នឹងព្រំប្រទល់ខេត្តប៉ៃលិនក្នុងភូមិកូនដំរីឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ។
ប្រជាពលរដ្ឋជាកសិករចំនួន០៤រូប ក្នុងចំណោមប្រជាពលរដ្ឋខាងលើដែលមកតវ៉ារួមឈ្មោះញ៉ាញ់ .គឹមសោន ភេទប្រុស អាយុ៣៥ឆ្នាំ,ឈ្មោះនង វទ្ធីភេទប្រុស,ឈ្មោះ”ចយ”ភេទប្រុសនិងឈ្មោះប៉ុន ស្រស់ភេទស្រីអាយុ២៩ឆ្នាំទាំង០៤នាក់រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើបានរៀបរាប់ដូចៗគ្នាថា ក្រោយពីអាជ្ញាធរនិងមន្ត្រីជំនាញបានយកលូចាក់សាបនិងតម្រៀបបិទបង្រួមផ្លូវសងខាងពី៤ទៅ៥កន្លែងបែបនេះដោយទុកទទឹងផ្លូវតែប្រវែង២.៦ម៉ែត្រទៅ២.៧ម៉ែត្រក្នុងគោលបំណងមិនឱ្យរថយន្តធុនធំដឹកកសិផលបើកបរចេញចូលបាននៅលើដងផ្លូវខាងលើនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ពួកគាត់ទើបពួកគាត់ចេញតវ៉ាបែបនេះ។
ពួកគាត់បន្តថា ក្រោយពីប្រជាកសិករប្រមូលកសិផលមិនដឹងលក់ទៅខាងណាទេព្រោះឈ្មួញថៃមិនបានចូលមកប្រមូលទិញដូចសព្វដងនោះទេ ព្រោះតែរថយន្តដឹងដំឡូងចេញចូលមិនរួចជាហេតុធ្វើឱ្យតម្លៃទីផ្សារដំឡូងមីរបស់ពួកគាត់មានការធ្លាក់ចុះយ៉ាងគំហុក។
ពួកគាត់បានលើកឡើងទាំងមិនសប្បាយចិត្តថា ក្រោយពីអាជ្ញាធរធ្វើបែបនេះតម្លៃទីផ្សារធ្លាក់ចុះខ្លាំងនៅសល់១គីឡូក្រាមត្រឹមតែ១បាត(ប្រាក់ថៃ)ជាង១០០រៀលប៉ុណ្ណោះ ខណៈកាលពីមិនទាន់បិទផ្លូវដំឡូងមី១គីឡូក្រាមលក់បានតម្លៃ២.១ទៅ២.២បាត(ប្រាក់ថៃ)ជាង២០០រៀល។
ពួកគាត់ថាការធ្លាក់តម្លៃយ៉ាងធ្ងន់ធ្ងរបែបនេះ ចាប់តាំងពីស្តង់របស់ឈ្មួញមួយចំនួនត្រូវថៅកែបង្ខំចិត្តបិទលែងទទួលទិញ ព្រោះខាងថៃមិនអាចបើកបររថយន្តចូលទៅដឹកកសិផលដំឡូងមីដូចមុនបានឡើយនៅតាមស្តង់ដោយគេអនុញ្ញាតឱ្យតែរថយន្តតូចៗចូលដឹងតែប៉ុណ្ណោះ។
ក្រោយផ្លូវត្រូវបានបិទបង្រួមថៅកែថៃក៏បានផ្អាកទិញកសិផលពោតក្រហម និងដំឡូងមីហើយនៅកន្លែងស្តង់មួយចំនួនទៀតដែលស្ថិតនៅក្បែរៗផ្លូវ១ខ្សែខាងលើក៏ត្រូវបង្ខំចិត្តបិទទ្វារឈប់ទទួលទិញផងដែរ។ ស្ត្រីរូបនេះបានបន្តថា បើសិនជាអាជ្ញាធរពាក់ព័ន្ធមិនឆាប់ដោះស្រាយបញ្ហានេះទេប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវខាងលើនឹងជួបការលំបាកចំពោះជីវភាពគ្រួសារជាក់ជាមិនខាន។
ប្រជាពលរដ្ឋបានបន្តទៀតថា ការបិទបែបនេះមិនត្រឹមតែរថយន្តថៃចេញចូលដឹកកសិផលមិនរួចប៉ុណ្ណោះទេ សូម្បីតែត្រាក់ទ័រភ្ជួររាស់ដីនិងដាំពោតដំឡូងមីរបស់ពួកគាត់ដែលភ្ជាប់ឧបករណ៍ពូនរងពីក្រោយក៏ចេញចូលមិនរួចដែរធ្វើឱ្យពួកគាត់ប្រឈមនិងសេដ្ឋកិច្ចគ្រួសារទើបពួកគាត់ចេញតវ៉ាស្នើសុំឱ្យអាជ្ញាធរសម្របសម្រួលឡើងវិញដើម្បីឲ្យគ្រឿងចក្រកសិកម្មដូចជាត្រាក់ទ័រនិងគោយន្តច្នៃអាចបើកបរប្រកបរបរកសិកម្មបានឡើងវិញនិងឲ្យទីផ្សារដំឡូងមីរបស់ពួកគាត់បានតម្លៃដូចមុនផងដែរ។
ពាក់ព័ន្ធករណីនេះ លោកកុល ស៊ីនួនជំទប់ទី១ឃុំរស្មីសង្ហារបានឱ្យដឹងថា ការបិទផ្លូវនេះគឺខាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការនិងដឹកជញ្ជូនមិនមែនខាងឃុំស្រុកឬខេត្តបាត់ដំបងនោះឡើយ។ លោកថា ការបិទផ្លូវនេះក្នុងគោលបំណងមិនឱ្យរថយន្តធុនធ្ងន់ខុសបច្ចេកទេសបើកបរចូលបានឡើយព្រោះនាំឱ្យខូចផ្លូវអាចត្រឹមតែរថយន្តស្តង់ដារដូចជារថយន្តដឹកកសិផលរបស់ថៃសណ្តោងរ៉ឺម៉កក៏អាចបើកបរចូលបានដែរហើយខាងលោកកំពុងតែស្នើសុំទៅខាងក្រសួងឱ្យជួយបង្ខិតចេញក្រៅបន្តិចទៀតដើម្បីឱ្យប្រជាពលរដ្ឋអាចបើកបររថយន្តឬត្រាក់ទ័រទៅភ្ជួរដីចម្ការរបស់ខ្លួនមិនប៉ះគែមសងខាង។
ប្រហាក់ប្រហែលនិងលោកមេឃុំបានលើកឡើងលោកគុយ .វណ្ណណូអភិបាលស្រុករតនមណ្ឌលបានឱ្យដឹងដែរថា ការសម្រេចបិទបែបនេះបន្ទាប់ពីក្រសួងអភិវឌ្ឍន៍ជនបទនិងក្រសួងសាធារណការនិងដឹកជញ្ជូនសង្កេតឃើញថា មានរថយន្តធុនធំរបស់ថៃបានដឹកកសិផលលើសទម្ងន់ធ្វើឱ្យខូចខាតផ្លូវខាងលើទើបខាងមន្ត្រីជំនាញចុះទៅបិទបង្រួមផ្លូវឱ្យតូចទុកត្រឹមរថយន្តទម្ងន់ត្រឹម១០តោនទើបអាចបើកបរចូលតាមផ្លូវខាងលើនេះបានតែប៉ុណ្ណោះដោយគោលការណ៍នេះមិនមែនសម្រេចពីខាងស្រុករបស់លោកឡើយ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ករណីនេះបើមន្ត្រីជំនាញមិនព្រមសម្របសម្រួលឡើងវិញទេពួកគាត់នឹងបន្តការតវ៉ាបិទផ្លូវបន្តទៀត រហូតដល់មានដំណោះស្រាយសមស្របណាមួយដែលពួកគាត់ទទួលយកបានហើយមិនឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ៕

អត្ថបទដែលជាប់ទាក់ទង