នៅសណ្ឋាគារសៃណាយ៉ាងគ័ង ជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារសណ្ឋាគារ ស្លាប់ បង្កការភ្ញាក់ផ្អើល

ព្រះសីហនុ ៖ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសៃណាយ៉ាងគ័ង ស្ថិតនៅក្រុមទី១៦ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ពាក់ព័ន្ធនិងករណីប្រទះឃើញមនុស្សស្លាប់នេះ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា សាកសពមាន ឈ្មោះ HUANG JIAN ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត: ២៤/១០/១៩៨៧ កាន់លិខិតឆ្លងដែនលេខ: EJ ៤២៤៨៣៦៨ ចុះថ្ងៃទី ២០/១០/២០២០ សុពលភាព ១៩/១០/២០៣០ បច្ចុប្បន្នស្នាក់សណ្ឋាគារ សៃណាយ៉ាងគ័ង ស្ថិតនៅក្រុមទី១៦ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
សាកសពបុរសជនជាតិចិនម្នាក់ ត្រូវបានអ្នកគ្រប់គ្រងសណ្ឋាគារមួយកន្លែងនៅក្នុងក្រុងព្រះសីហនុ ប្រទះឃើញដេកស្លាប់នៅលើដី ហើយបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចឲ្យមកពិនិត្យមើល។
សមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកើតហេតុ គេបានពិនិត្យឃើញសាកសព បែរក្បាលទៅទិសខាងលិច ដោយដៃទាំងពីរដាក់ស្របទៅនឹងដងខ្លួន និងជើងទាំងពីរសណ្តូកត្រង់ស្របទៅនឹងដងខ្លួន។
សពគ្មានអាវ និងស្លៀកខោខ្លីត្រឹមជង្គង់ពណ៌ខ្មៅ។ សពមានសភាពទន់ ភ្នែកនិងមាត់ បើកបន្តិចក្រចកដៃនិងជើងស្វាយ ផ្នែកក្បាលហើមប៉ោងនៅលើត្រចៀកខាងឆ្វេងចំនួន១កន្លែង នៅលើថ្ពាល់មានស្នាមកោសរលាត់ដាច់ស្បែកលើថ្ពាល់ឆ្វេងចំនួន១កន្លែង និងមានស្នាមដាច់សាច់ម្រាមមេដៃខាងឆ្វេង ចំនួន១កន្លែងស្នាមដាច់សាច់សើយឡើងនៅដើមដៃខាងស្តាំចំនួន១កន្លែង មានស្នាមមុតនៅក្រោមឆ្អឹងជំនីខាងឆ្វេងចំនួន១កន្លែង ស្នាមមុត និងទ្រុត ផ្នែកខ្នងខាងឆ្វេងចំនួន១កន្លែងស្នាមដាច់គន្លាក់ជើងខាងឆ្វេងផ្នែកខាងក្រោយចំនួន១កន្លែង ស្នាមដាច់គន្លាក់ជើងខាងស្តាំផ្នែកខាងក្រោយចំនួន១កន្លែង។
សមត្ថកិច្ចតាមការពិនិត្យសាកសព របស់នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី ធ្លាក់ពីទីខ្ពស់ធ្វើឱ្យរបួសសរីរាង្គខាងក្នុងធ្ងន់ធ្ងរ។ បន្ទាប់ពីពិនិត្យធ្វើកោសល្យវិច័យរួច សាកសពបានរក្សាទុកនៅសាលរក្សាសពនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីបន្តនីតិវិធីទុកជូនក្រុមគ្រូសារសព៕

អត្ថបទដែលជាប់ទាក់ទង