ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្រាវជ្រាវរកបុគ្គលល្មើសច្បាប់ចរាចរណ៍ម្នាក់ ក្រោយបង្ហោះសារតាម Facebook បង្ខូចកិត្តិយសសមត្ថកិច្ច

(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកបុគ្គលល្មើសច្បាប់ចរាចរណ៍ម្នាក់ ក្រោយបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក បង្ខូចកិត្តិយសរបស់មន្រ្តីនគរបាលចរាចរណ៍តាមគោលដៅ ដែលបានចាប់ផាកពិន័យ ព្រោះតែបានបើកបំពានភ្លើងស្តុបពណ៌ក្រហម។
បុគ្គលរូបនេះមានគណនីហ្វេសបុក Pheach Sopheak ដោយរូបគេបានសរសេរថា «ហួសចិត្តប៉ូលិសចរាចរណ៍វាយកញ្ចក់ឡានខ្ញុំ»។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងជំនាញកំពុងតាមស្វែងរកបុគ្គលរូបនេះ ដើម្បីឱ្យចូលខ្លួនមកអនុវត្តតាមច្បាប់ករណីបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុបក្រហម) ថែមទាំងមិនស្តាប់តាមការបញ្ជារបស់មន្ត្រីដែលកំពុងជួយសម្រួលចរាចរណ៍។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់បណ្តាញព័ត៌មាន នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះថា «បុគ្គលម្នាក់នោះ មិនត្រឹមតែបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុបក្រហម) ថែមទាំងមិនស្តាប់តាមការបញ្ជារបស់មន្ត្រីដែលកំពុងជួយសម្រួលចរាចរណ៍ទៀតផង»។
លោកបានបន្តថា បុគ្គលម្នាក់នេះមិនព្រមឈប់ ហើយបើកបរបន្ថែមល្បឿនដោយបានបុកសមត្ថកិច្ចចរាចរដែលកំពុងឈរសម្រួលចរាចរទៀតផង នៅគោលដៅផ្លូវ ២០០៤ នាសៀលម៉ោង១៦៖២០នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បង្កឱ្យមន្ត្រីរងរបួសត្រង់ដៃ៕

អត្ថបទដែលជាប់ទាក់ទង