ភ្ញាក់ផ្អើល នាងមានផ្ទៃពោះ ប្រុសចង់ដោះដៃ រួចចាក់សំាងដុតផ្ទះជួល ឆេះស្លាប់មនុស្ស
អន្តរជាតិ ៖ នៅ យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ អគារផ្ទះជួលមួយកន្លែង មានប្រាំមួយជាន់ ស្ថិតនៅផ្លូវលេខ60 ក្នុងសង្កាត់ Phu Do ស្រុក Nam Tu Liem ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យមនុស្សម្នាក់ស្លា.ប់ និង០៥នាក់ផ្សេង ទៀតរងរបួស នេះបើយោងតាមសារព័ត៌មាន vnexpress ។
ប៉ូលិសទីក្រុងហាណូយ បានស្រាវជ្រាវចាប់ខ្លួនស្ត្រីម្នាក់ នៅថ្ងៃទី០១ មេសានេះ ជាជនបង្កឲ្យមានអគ្គិភ័យឆាបឆេះអគារផ្ទះល្វែងដែលមានបន្ទប់សម្រាប់ជួល ។
ស្ត្រីសង្ស័យឈ្មោះ Tran Thi Thanh Hai អាយុ ២៩ឆ្នាំ មានដើមកំណើតនៅខេត្តភាគខាងជើងប្រទេសវៀតណាម ដែលនាងចំណាកស្រុក មកធ្វើការនៅរោងចក្រមួយ ក្នុងទីក្រុងហាណូយ ។
នាងបានប្រាប់ប៉ូលិសថា នាងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ឈ្មោះ Chau Viet Hoang អាយុ២៨ឆ្នាំ ដែលធ្វើការនៅទីក្រុងហាណូយ អស់រយៈពេល ២ឆ្នាំហើយ ។
នាងនិយាយបន្តថា នៅខែមករា ២០២២នេះ នាងដឹងថា នាងមានផ្ទៃពោះជាកូនរបស់ប្រុសស្នេហ៍ Hoang ហើយនាងចង់រៀបការ ។ ទោះបីជារូបនាងខិតខំនិយាយយ៉ាងណាក៏ដោយ ក៏គ្រួសាររបស់ Hoang មិនបានយល់ព្រមចំពោះនាងទេ ខណៈដែលរូបនាង និង Hoang មានជម្លោះជាបន្តបន្ទាប់ ។ បន្ទាប់មក នាងបានចោទប្រកាន់ប្រុសស្នេហ៍ថា បានផ្លាស់ទៅរស់នៅជាមួយបងប្អូនជីដូនមួយរបស់គាត់ម្នាក់ ដើម្បី “គេចពីរូបនាង” ហើយនាងចោទថា បងប្អូនជីដូនមួយនោះ គឺជាអ្នក”បំបែក”ពួកនាង ។
កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា នាងបានទិញសាំងមួយកំប៉ុង ដាក់តាមម៉ូតូរបស់នាង ។
នាងបាននិយាយប្រាប់ប៉ូលិសទៀតថា នៅថ្ងៃនោះ “ភ្លាមៗស្រាប់តែនាងកើតមានគំនិតចង់ដុតម៉ូតូ របស់បងប្អូនជីដូនមួយរបស់ Hoang ដើម្បីសងសឹក” ។
នៅម៉ោងប្រហែល៦ល្ងាច នាងបានអនុវត្តផែនការដុតម៉ូតូ ដូចដែលថតបាន ដោយកាមេរ៉ាសុវត្ថិភាព នៅក្នុងអគារផ្ទះជួល (មានវីដេអូខាងក្រោម) ។
ក្រោយពីចាក់សាំងដុត ភ្លើងបានឆាបឆេះ រួចហើយនាងបានទៅហាងគុយទាវក្បែរនោះ អង្គុយញ៉ាំអាហារពេលល្ងាច ។ អគ្គិភ័យបានសម្លាប់មនុស្សម្នាក់ អាយុ២៥ឆ្នាំ រស់នៅជាន់ទី១ នៅកន្លែងកើតហេតុ និង ៥នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានកុមារ ៤នាក់ ។
ប៉ូលិសបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតបន្ថែម និងកំពុងផ្ទៀងផ្ទាត់ថា តើនាងពិតជាមានផ្ទៃពោះឬអត់ ?
អគ្គិភ័យនេះឆាបឆេះចេញពីម៉ូតូ ដែលនាងបានដុត នៅជាន់ក្រោម ខណៈអ្នកជួលនៅជាន់លើ នាំគ្នា រកផ្លូវចេញ និងស្វែងរកទុយោ មកជួយបាញ់ទឹកពន្លត់ ។
មួយសន្ទុះក្រោយមក ប៉ូលិសទីក្រុងហាណូយ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿង និងរថយន្តសង្គ្រោះបន្ទាន់ រួមនឹងកម្លាំងជាង ៣០នាក់ ទៅជួយអន្តរាគមន៍ ។ ផ្លូវនៅជុំវិញតំបន់កើតហេតុ ត្រូវបានបិទ រថយន្តពេទ្យប្រចាំការឈរនៅខាងក្រៅ ខណៈភ្លើងកំពុងបន្តឆាបឆេះ ។ ប៉ូលិសបានជម្លៀសមនុស្ស ៧នាក់ផ្សេងទៀត ដោយសុវត្ថិភាព ។ រហូតមកដល់ម៉ោង១៩និង៣០នាទីថ្ងៃដដែល អគ្គិភ័យបានរលត់ទាំងស្រុង៕