ព្រះមហាក្សត្រ ប្រទានពរជ័យដល់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃ៤មេសា

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានសព្វព្រះរាជហឬទ័យ ប្រទានពរជ័យដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុនា ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។
ក្នុងព្រះរាជសារព្រះមហាក្សត្រ ប្រទានដល់សម្ដេចតេជោ ហ៊ុន សែន, ព្រះអង្គមានព្រះបន្ទូលដូចតទៅ ៖
«សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅ !
ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលបាននូវមហាជោគជ័យថ្មីៗ ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រ កម្ពុជា ។
ខ្ញុំសូមកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លាក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
ប្រជារាស្ត្រកម្ពុជា ក៏ដូចជាខ្ញុំ មានការពេញហឫទ័យណាស់ ចំពោះវឌ្ឍនភាពឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ក្រោមការដឹកនាំប្រកបដោយទេពកោសល្យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏ល្អប្រពៃនៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ គ.ស២០២២ ខាងមុខនេះ ខ្ញុំសូមប្រសិទ្ធពរជូន សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបាន ប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ»៕

អត្ថបទដែលជាប់ទាក់ទង