បញ្ជូនស្ត្រីម្នាក់ ដែលសម្លាប់កូនអាយុជាងមួយខែ បោះចូលទៅក្នុងទឹកប្រឡាយ ទៅសាលាដំបូងខេត្តបាត់ដំបង ព្រោះតែកូនយំ ហើយជីភាពក្រីក្រពេក

ខេត្តបាត់ដំបង÷ នៅថ្ងៃទី ៣ ខែមេសា ឆ្នំា២០២២នេះ កម្លាំងនគរបាលក្រុងបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនស្ត្រីម្នាក់ដែលសម្លាប់កូនអាយុជាងមួយខែបោះចូលទៅក្នុងទឹកប្រឡាយដើម្បីត្រៀមបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់រួចហើយ។ ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីលោកដឹកនាំកម្លាំងធ្វើការស្រាវជ្រាវករណីប្រទះឃើញសពក្មេងស្រីម្នាក់អណ្តែតក្នុងទឹកប្រឡាយមួយកន្លែង ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ ។

លទ្ធផលនៃការស្រាវជ្រាវយ៉ាងល្អិតល្អន់នេះ សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហន សាមេន ភេទស្រី អាយុ២២ឆ្នាំ មានទីលំ នៅភូមិសង្កាត់ខាងលើ ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ (សាកសព) ដើម្បីធ្វើការសាកសាកសួរ។ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺនៅថ្ងៃខែឆ្នាំខាងលើនាវេលាម៉ោង ប្រមាណ៩និង០៥ននាទីព្រឹកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានពីករណី បាត់ក្មេងស្រីម្នាក់ទើបមានអាយុ០១ខែ និង១០ថ្ងៃ មានឈ្មោះជៀប កាន់យ៉ា ដែលមានម្តាយឈ្មោះ ហន សាមេន ។ នៅពេលទទួលព័ត៌មានពីការបាត់ក្មេងស្រីតូចនេះ ទាំងអ្នកភូមិនិងសមត្ថកិច្ចបានស្វះស្វែងរក ហើយពេលបន្ទាប់ក៏បានប្រទះឃើញសពក្មេងស្រីខាងលើអណ្តែតនៅក្នុងទឹកប្រឡាយមួយកន្លែងនៅមូលដ្ឋានខាងលើ។ បន្ទាប់មក សមត្ថកិច្ចបានសម្រេចនាំខ្លួនស្រី្តជាម្តាយមកធ្វើការសាកសួរស្រាវជ្រាវ ហើយ នៅចំពោះមុខការសាកសួររបស់សមត្ថកិច្ចស្ត្រីជាម្តាយបានឆ្លើយសារភាពថា រូបគាត់តែម្នាក់ឯង បានធ្វើសកម្មភាពយកកូនស្រីបង្កើតដែលមានអាយុទើប០១ខែ១០ថ្ងៃ ទៅបោះចោលឱ្យស្លាប់ក្នុងទឹកប្រឡាយនោះ ។ បន្ទាប់មកក៏ធ្វើសកម្មភាពធ្វើជាបាត់កូនស្រីរបស់ខ្លួនបង្កការឆោឡោ។ ប៉ុន្តែតាមរយៈព័ត៌មាននេះសមត្ថកិច្ចននគរបាលជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេតភ្លាមៗ ហើយចុងក្រោយស្ត្រីជាម្តាយរូបបានសារភាពថា មូលហេតុ ដែលនាំទៅដល់ការសម្លាប់ កូនស្រីខ្លួនឯងដោយឥតញញើតដៃបែបនេះ គឺដោយសារតែកូនស្រីជាជនរងគ្រោះរូបនេះយំពេក។ លុះនៅពេលយប់ គឺចាប់ពីម៉ោង ២១និង០០នាទី រហូតដល់ម៉ោង០៤និង០០នាទី ព្រឹកទើបបាត់យំ ។ ម្យ៉ាងដោយខ្លួនមានការហត់នឿយជាមួយនឹងបញ្ហានេះផង និងជីវភាពក្រីក្រពេកណាមួយកូនបងទើបតែមានអាយុ០១ឆ្នាំ០១ខែផង ណាមួយអត់មានប្រាក់ទិញទឹកដោះគោឱ្យកូនបៅផង និងពេលនេះដោយ មានឱកាសល្អពេលយាយមិននៅម្តាយមីងមិននៅ គឺនៅតែម្នាក់ឯងខ្លួនក៏យកកូននេះទៅបោះចោលក្នុងទឹកប្រឡាយក្រោយផ្ទះតែម្តងទៅ។
ទោះជាឆ្លើយសារភាពរៀបរាប់ពីទុក្ខលំបាក យ៉ាងណានៅពេលនេះ សមត្ថកិច្ចបានរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ហើយ៕

អត្ថបទដែលជាប់ទាក់ទង