គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់

ពោធិ៍សាត់ៈ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ១១៦និង១១៧ ស្ថិតនៅភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់។
រថយន្តបង្កម៉ាក តូយ៉ូតា ហ៊ីលុច រ៉េវ៉ូ ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ ២C-៤៥០៩ បើកបរដោយ ឈ្មោះ ចាន់ អេណា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរយោធា រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ រួមដំណើរដោយមនុស្សម្នាក់ទៀត ឈ្មោះ ចាន់ ប៊ុនឌី អាយុ៣៩ឆ្នាំ មុខរបរយោធា។ រថយន្តនេះ បានបើកបុកម៉ូតូម៉ាក វ៉េវ អាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ធា សារ៉ុម ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលអោយស្លាប់នៅនឹងកន្លែង បើកបរក្នុងទិសដៅស្របគ្នា។
ក្រោយពេលកើតហេតុ ជនបង្កដែលជាម្ចាស់រថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារនាំយកទៅលំនៅដ្ឋានរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង