បុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀត ដែលកំពុងចតផ្លាស់ប្តូរកង់នៅអែបចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ នៅ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម2A-1393 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុបានឈប់រថយន្តអែបទៅចិញ្ចើមផ្លូវដើម្បីផ្លាស់ប្តូរកង់ដែលបែក ស្រាប់តែរំពេចនោះមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ SANTAFE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BC-1028 បើកបរដោយបុរសម្នាក់រួមដំណើរដោយស្រ្តីម្នាក់ទៀត ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តកូរ៉េដែលចតស្ងៀមពីក្រោយពេញទំហឹង បណ្តាលឱ្យរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ។
សមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕