បង្ក្រាបទីតាំងល្បែងហ្គេមអនឡាញ (ណេត) យីហោ MS ដែលលបលួចបើកល្បែងស៊ីសង ខុសច្បាប់ ដកហូតវត្ថុតាងមួយចំនួន
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ដោយទទួលបាននូវការបញ្ជាផ្ទាល់ពី លោក ឯក ឃុនដឿន អភិបាលនៃគណៈភិបាលខណ្ឌប្ញស្សីកែវ បានចាត់ឲ្យ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំក្រុមការងារចម្រុះខណ្ឌចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងហ្គេមអនឡាញ(ណេត)ខុសច្បាប់មួយទីតាំងស្ថិតនៅផ្ទះលេខ២៥៣ យីហោ MS Net ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នៅមុនពេលឈានដល់ការចុះបង្ក្រាប់ទីតាំងលបលួចបើកល្បែងស៊ីសងខុសច្បាប់ ដោយមានការសំណូមពរនិងរាយការណ៍យ៉ាងច្បាស់ពីពលរដ្ឋ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានដាក់កម្លាំងចុះឆ្មក់បង្ក្រាប់ជាក់ស្ដែងតែម្ដង។
ជាលទ្ធផលក្នុងរង្វង់ប្រតិបត្តិការអជ្ញាធរបានរឹបអូសសម្ភារៈមួយចំនួនដូចជា កុំព្យូទ័រ ចំនួន៣គ្រឿង ម៉ូនីទ័រចំនួន៤ គ្រឿង ទូរទស្សន៍ចំនួន ១គ្រឿង ចំពោះសម្ភារៈត្រូវបានកម្លាំងអាជ្ញាធរបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានគរបាល ខណ្ឌប្ញស្សីកែវ។ ដោយឡែកទីតាំងនេះ អជ្ញាធរសម្រេចបិទជាស្ថាពរផងដែរ៕