មហាជន និងអ្នកគាំទ្រកំពុងចាប់ចាប់អារម្មណ៍ហើយមានចម្ងល់ខ្លាំង ខណៈសុខៗស្រាប់តែតារាវ័យក្មេង មាស នីតា បានប្រកាសលុបចោលនូវបទ”ផ្លូវណាទៅផ្ទះម៉ែក្មេក”

ភ្នំពេញ ៖ ជុំវិញបញ្ហានេះដែរ នារសៀលថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ នេះ កញ្ញា មាស នីតា បានបញ្ជាក់ប្រាប់ថា នាងពិតជាមានការសោកស្តាយដែលមានការស្នើឲ្យលុបបទនេះ ចេញពីChannel YouTube ខណៈដែលប្រើពេលត្រឹមតែ ១ ខែកើន View រហូតដល់ ១៦ លានដង។ នីតា បន្តថា ខ្ញុំនិងក្រុមទាំងមូលពិតជាមិននឹកស្មានថា បទចម្រៀង “ផ្លូវណាទៅផ្ទះម៉ែក្មេក”ដែលពួកខ្ញុំយកទៅ Cover ឡើងវិញ លក្ខណៈច្រៀងរាំលេងកម្សាន្តសប្បាយធ្វើឲ្យបងប្អូន និងមហាជនផ្ទុះការចាប់អារម្មណ៍ និងគាំទ្រខ្លាំងរហូតកើត View ច្រើនដូច្នេះទេ។
ទាក់ទងការលុបចោលនូវបទចម្រៀងនេះ ត្រូវបានកញ្ញា មាស នីតា សង្កត់ធ្ងន់ថា មូលហេតុចម្បងបំផុតនោះ គឺដោយសារខាងភាគីក្រុមហ៊ុនគេ និងម្ចាស់ដើមបានទាក់ទងមកដោយស្នើសុំឲ្យលុបចេញពី Channel YouTube ក្រុមរបស់ខ្លួនកាលពីថ្ងៃម្សិលមិញ ដូច្នេះដើម្បីចៀសវាងមានបញ្ហាក្រុមរបស់នាងក៏ធ្វើតាមសំណើនេះតែម្តង។
មុនពេលចេញ Cover បទចម្រៀង “ផ្លូវណាទៅផ្ទះម៉ែក្មេក”ឡើងវិញ តើនីតាមានបានទាក់ទងសុំការអនុញ្ញាតិពីភាគីម្ចាស់ដើមដែរឬទេ?។ ម្យ៉ាងទៀតតើការ Cover បទ ”ផ្លូវណាទៅផ្ទះម៉ែក្មេក”នេះ នីតា មានរក្សាប្រភពម្ចាស់ដើមដែរឬទេ?។ ត្រង់ចំណុចនេះ ត្រូវបាន មាស នីតា លើកឡើងច្បាស់ថា នាងពិតជាបានទាក់ទងទៅសុំការអនុញ្ញាតិពីម្ចាស់ដើមដោយត្រឹមត្រូវមុនពេល Cover បទនេះ។
កញ្ញា មាស នីតា សង្កត់ធ្ងន់ទៀតថា ដោយទទួលបានការយល់ព្រមរួចហើយទើបនាងចេញ Cover បទចម្រៀងនេះ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយរក្សានៅប្រភពដើម ដោយដាក់ ឈ្មោះម្ចាស់បទចម្រៀងដើមនៅក្នុង Cover បទចម្រៀង។ ប៉ុន្តែមិននឹកស្មានក្រោយពេលបទខាងលើទើបតែចេញបាន ១ ខែក៏កើតរឿង(លុបចេញវិញ) នេះតែម្តង។ យ៉ាងណាមិញ មាស នីតា ក៏អរគុណអ្នកដែលគាំទ្រនាងតាំងពីដើមរហូតមកដល់បច្ចុប្បន្នផងដែរ៕

អត្ថបទដែលជាប់ទាក់ទង