សម្រេចឃុំខ្លួនពាណិជ្ជករម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពោលគឺចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណជាង៧ម៉ឺនដុល្លារ

ភ្នំពេញ ៖ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ បានចេញដីកាសម្រេចឃុំខ្លួនពាណិជ្ជករម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណជាង៧ម៉ឺនដុល្លារអាមេរិក ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ តាមបញ្ញាតិ និងផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។

ជនសង្ស័យនេះ មានឈ្មោះ សុខ សំណាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីសាកសួរពាក់ព័ន្ធក្នុងការចោទប្រកាន់លើការប្រើប្រាស់សែកស្អុយប្រមាណជាង៧ម៉ឺនដុល្លារអាមេរិកនោះ ៕

អត្ថបទដែលជាប់ទាក់ទង