នារីវ័យក្មេងម្នាក់បានបើករថយន្ត Toyota Prius វ៉ាជែងខាងស្ដាំដៃមិនប្រយ័ត្ន ហើយបួងចង្កូតទៅរកផ្លូវឆ្វេងដៃវិញក៏ត្រូវរថយន្តបែនដឹកខ្សាច់បើកមកពីក្រោយ ជាន់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុក ពីចំហៀងពេញទំហឹង
ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នារីវ័យក្មេងម្នាក់បានបើករថយន្ត Toyota Prius វ៉ាជែងខាងស្ដាំដៃមិនប្រយ័ត្ន ហើយបួងចង្កូតទៅរកផ្លូវឆ្វេងដៃវិញក៏ត្រូវរថយន្តបែនដឹកខ្សាច់បើកមកពីក្រោយជាន់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុក ពីចំហៀងពេញទំហឹង បណ្តាលឱ្យរថយន្ត Prius រងការខូចខាតយ៉ាងដំណំ បង្កឱ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរ ទល់មុខដេប៉ូខ្សាច់មួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ។
មុនពេលកើតហេតុគេឃើញនារីវ័យក្មេងម្នាក់ បើករថយន្ត Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV- 1572 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបើកវ៉ាជែងខាងស្ដាំដៃ គាប់ជួនពេលនោះមានជួបឧបសគ្គនៅខាងមុខទើបធ្វើឱ្យនារីជាអ្នកបើករថយន្តបានបួងចង្កូតគេចមកខាងឆ្វេងដៃវិញចូលមកគន្លងរថយន្ដក៏ត្រូវបុរសម្នាក់ទៀតបើករថយន្តប្រភេទបែនដឹកខ្សាច់ ម៉ាក SHACMAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-7598 បានធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនល្មម និងជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្ត Toyota Prius ចំពីចំហៀងពេញទំហឹង និងរុញកាត់ទទឹងផ្លូវ បណ្ដាលឱ្យរថយន្ត Toyota Prius រងការខូចខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ តែមិនមានអ្នកណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។ រីឯរថយន្តបែនដឹកខ្សាច់វិញគ្រាន់តែរងការខូចខាតផែ្នកខាងមុខបន្តិចបន្តួចប៉ុណ្ណោះ ហើយក៏មិនមានរងគ្រោះដល់មនុស្សដូចគ្នាដែរ។
ហេតុការណ៍នេះបង្កឱ្យមានការកកស្ទះចរាចរណ៍មួយសន្ទុះផងដែរ ទម្រាំតែសមត្ថកិច្ចមូលដ្ឋានចុះទៅបាញ់ថ្នាំ ហើយឱ្យភាគីទាំងសងខាងបើករថយន្តអែបកៀន ដើម្បីធ្វើការសម្របសម្រួល ទើបចរាចរណ៍បានធូរស្រាលឡើងវិញ ។
ក្រោយមក ភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយខាងរថយន្តតូយ៉ូតាព្រូសទាមទារឱ្យខាងរថយន្តបែនដឹកខ្សាច់យករថយន្តរបស់ខ្លួនទៅជួសជុលឱ្យវិញ តែខាងរថយន្តបែនដឹកខ្សាច់អត់ព្រមនោះទេ ដោយនិយាយថា រថយន្ដរបស់គាត់មិនមែនជាអ្នកខុសឡើយ ។ បន្តិចក្រោយមក ទើបមានការសម្របសម្រួលពីសមត្ថកិច្ច ហើយខាងរថយន្តបែនដឹកខ្សាច់បានសងសំណងទៅខាងរថយន្តតូយ៉ូតាព្រូសចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕