កម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ សហការល្បាតការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបានទទួលពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញ ចំនួន៣៦៤នាក់
ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង និងបានទទួលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញ ត្រង់ចំណុចភូមិសាស្ត្រឃុំសន្តិភាព និងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៨លើក សរុបចំនួន៣៦៤នាក់ ស្រី១៤៧នាក់ ក្មេង៥៨នាក់ ក្មេងស្រី២៨នាក់ ។
ក្រោយពីទទួលបានកម្លាំងយើងបានកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំ រួចប្រគល់បងប្អូន ចំនួន២៦នាក់ ស្រី១២នាក់ ក្មេង៨នាក់ ក្មេងស្រី១នាក់ ទៅឲ្យក្រុមគ្រូពេទ្យដែលប្រចាំការនៅចំណុចច្រកទ្វារអន្តរជាតិគីឡូ១៣ និងបងប្អូនចំនួន៣៣៨នាក់ ស្រី១៣៥នាក់ ក្មេង៥០នាក់ ក្មេងស្រី២៧នាក់ ទៅឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើការត្រួតពិនិត្យសុខភាព និងស្គែ៊នប័ណ្ណចាក់វ៉ាក់សាំងនៅនឹងប៉ុស្តិ៍ជាលទ្ធផល៖អវិជ្ជមានទាំងអស់ បន្ទាប់មកក្រុមពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ៕