បុរសម្នាក់ បើករថយន្តមែរសឺដេស ស្ថានភាពស្រវឹង ជ្រុលទៅបុកម៉ូតូ ដែលជិះគ្នា បីនាក់ ពីក្រោយ បណ្ដាលឱ្យនារីម្នាក់ រងរបួសធ្ងន់ និងបុរសម្នាក់ និងនារីម្នាក់ទៀត របួសស្រាល
ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើង នៅ យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុ គេបានឃើញម៉ូតូ ហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-0701 ជិះគ្នា បីនាក់ (ប្រុសម្នាក់ និងស្រី ពីរនាក់) ធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ១ ក្នុងទិសដៅពីខាងកើត ទៅខាងលិច លុះជិះមកដល់ចំណុចកើតហេតុ ក៏បានស៊ីញ៉ូភ្លើងបត់ ទៅឈប់អែបកៀន ជាមួយនឹងមិត្តភក្ដិ ដែលជិះម៉ូតូផ្សេងទៀត ហើយគាប់ជួនពេលនោះដែរ ក៏ស្រាប់តែមាន បុរសម្នាក់ វ័យប្រហែលជាង ៥០ ឆ្នាំ បានបើករថយន្តមែរសឺដេស C220 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-0705 ក្នុងទិសដៅស្របគ្នា និងស្ថិតក្នុងស្ថានភាពស្រវឹងផង ក៏ជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយ បណ្ដាលឱ្យនារីម្នាក់ ដែលអង្គុយកណ្តាល រងរបួសជើងខាងស្តាំ ធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជួនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ច្បារអំពៅភ្លាមៗ ។ ចំណែក ពីរនាក់ទៀត រងរបួសស្រាល មិនបានទៅមន្ទីរពេទ្យនោះទេ ។
ដោយឡែក ខាងរថយន្តវិញ បានរងការខូចខាតផែ្នកខាងមុខ ចំហៀងខាងឆ្វេង តែមិនគ្រោះថ្នាក់ ដល់មនុស្សនោះទេ ហើយភ្លាមៗនោះដែរ អ្នកបើកបរ បានចុះពីលើរថយន្ត រួចឡើងជិះម៉ូតូ ឡំប្រឺតា ទៅយកលុយមកដោះស្រាយ ហើយមួយសន្ទុះក្រោយមក ក៏ត្រឡប់មកវិញ ។
ក្រោយពេលកើតហេតុ ដោយសារការសម្របសម្រួលគ្នាមិនត្រូវ ទើបមធ្យោបាយទាំង ពីរគ្រឿង ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ ចុះទៅវាស់វែង និងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីរង់ចាំដំណោះស្រាយជាថ្មី នៅពេលក្រោយ ៕