លោក កើត រិទ្ធ រដ្ឋមន្ត្រីយុត្តិធម៌ ៖ «ឆ្នាំនេះជាឆ្នាំវិន័យក្នុងវិស័យយុត្តិធម៌», មានមន្ត្រីខ្លះ មួយខែមកធ្វើការតែម្តង
(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសខ្លាំង និងច្បាស់ៗថា «ឆ្នាំនេះជាឆ្នាំវិន័យក្នុងវិស័យយុត្តិធម៌»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងបែបនេះ ក្នុងឱកាសលោក និងលោកកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល បើកសន្និសីទបាត បូកសរុបការងារយុត្តិធម៌ ឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
លោក កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមយកឱកាសសន្និបាតនេះ ប្រកាសថា ចាប់ពីចប់សន្និបាតនេះទៅ ឆ្នាំនេះជាឆ្នាំវិន័យក្នុងវិស័យយុត្តិធម៌។ ខ្ញុំបានណែនាំឲ្យចាប់ផ្តើមធ្វើការយកចិត្តទុកដាក់ ការត្រួតពិនិត្យមន្ត្រី តើមន្ត្រីណាខ្លះមកធ្វើការ មន្ត្រីណាខ្លះមិនមកធ្វើការ។ ក្រសួងយុត្តិធម៌ ក៏កំពុងអភិវឌ្ឍន៍ការកែទម្រង់ស្ថាប័ន […] អ្នកខ្លះមួយខែមកធ្វើការឃើញមុខម្តង!»។
លោករដ្ឋមន្ត្រីបន្តថា ឥឡូវចាប់ពីនេះទៅ គឺឆ្នាំវិន័យ ដែលមានន័យថា ពង្រឹងខាងវិន័យ។ បើតាមលោករដ្ឋមន្ត្រី គឺមានរបាយការណ៍ និងសក្ខីកម្មបញ្ជាក់ដែរថា មន្ត្រីខ្លះមិនមកកន្លែងធ្វើការកន្លះឆ្នាំឯណោះ ដែលត្រូវចាត់វិធានការតាមផ្លូវច្បាប់។
«យើងនិយាយពីប្រសិទ្ធភាពការងារយ៉ាងម៉េច បើមន្ត្រីអត់មកធ្វើការ»។ នេះជាការសង្កត់ធ្ងន់ៗបន្ថែម ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅចំពោះមុខថ្នាក់ដឹកនាំ ដែលបម្រើការងារក្នុងវិស័យយុត្តិធម៌។
ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងវិស័យយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដែលបានជួយអភិវឌ្ឍន៍វិស័យនេះ កាន់តែរីកចម្រើនជាលំដាប់។
លោក កើត រិទ្ធ បានថ្លែងថា ផ្អែកតាមលទ្ធផលរបាយការណ៍ក្នុងវិស័យយុត្តិធម៌ សម្រាប់ឆ្នាំ២០២១ គឺក្រសួងយុត្តិធម៌ និងសាលាក្តីគ្រប់ជាន់ថ្នាក់ បានអនុវត្តន៍ការងារប្រកបដោយស្មារតីទទួលខុសត្រូវ ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន ជាអាទិ៍ ការរៀបចំសេចក្តីព្រាងច្បាប់សំខាន់ៗ ក្នុងវិស័យយុត្តិធម៌ ការពិនិត្យ និងផ្តល់យោបល់ ផ្នែកទោសទណ្ឌ លើបញ្ញត្តិ និងបទដ្ឋានគតិយុត្តិ ដែលរៀបចំដោយក្រសួង/ស្ថាប័ននានា ការពង្រឹង និងបណ្តុះបណ្តាលសមត្ថភាពក្នុងវិស័យយុត្តិធម៌ ការដាក់ឲ្យដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ និងភាពខ្វះខាត ដែលបម្រើវិស័យយុត្តិធម៌ សម្តៅលើកកម្ពស់ និងប្រសិទ្ធភាព ការផ្តល់សេវាយុត្តិធម៌ និងការពង្រឹង និងការពង្រីកផ្នែកច្បាប់ ជាមួយអន្តរជាតិ៕