លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាល នឹងចូលទៅបំភ្លឺនៅចំពោះមុខតុលាការពាក់ព័ន្ធរឿងដីធ្លី និងសុំឲ្យតុលាការផ្តល់ភាពយុត្តិធម៌ដល់ម្ចាស់ដីពិតប្រាកដ
(កណ្ដាល)៖ នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងនគរបាលខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារព័ត៌មាន ប្រចាំខេត្តកណ្ដាលថា លោកនឹងចូលទៅបំភ្លឺនៅចំពោះមុខ សាលាដំបូងខេត្តពាក់ព័ន្ធជម្លោះដីធ្លីមួយកន្លែង ដែលត្រូវភាគីម្ខាងទៀតប្តឹង ប៉ុន្តែលោកអះអាងថា រឿងនេះកើតឡើងយូរហើយជាមួយឈ្មោះ ប៊ុន ចាន់សុធា។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបន្តថា រឿងហេតុដែលគេប្ដឹងខ្លួនទៅកាន់តុលាការខេត្តកណ្ដាល គឺផ្ដើមចេញពីជម្លោះដីធ្លីមួយជាយូរណាស់មកហើយរវាងម្ដាយក្មេក, សាច់ញាតិខាងប្រពន្ធ និងឈ្មោះ ប៊ុន ចាន់សុធា ហើយឈ្មោះ ប៊ុន ចាន់សុធា មានបំណងរំលោភយកដីគ្រួសាររបស់លោក តែដឹងខ្លួនថានឹងចាញ់ ក៏ប្ដឹងម្ដាយក្មេក និងសាច់ញាតិរបស់លោកទៅកាន់តុលាការតែម្តង។
សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ត្រូវបានលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីកាកោះហៅឲ្យចូលមកបំភ្លឺ ពីដំណើររឿងបំភាន់មន្ត្រីសុរិយោដី និង ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមបណ្ដឹងរបស់ឈ្មោះ ប៊ុន ចាន់សុទ្ធា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
តុលាការបានកោះហៅលោក អុល ប៊ុណ្ណា ក្នុងនាមជា «ជនសង្ស័យ» មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨៖៣០នាទីព្រឹក។
ពាក់ព័ន្ធបញ្ហានេះលោក អុល ប៊ុណ្ណា ថ្លែងប្រាប់បន្តថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះថា លោកមិនទាន់បានទទួលដីកាកោះពីតុលាការនៅឡើយទេ ហើយលោកក៏មិនដឹងរឿងអ្វីដែរ តែលោកនឹងចូលខ្លួនទៅបំភ្លឺចំពោះមុខ តុលាការតាមការកោះហៅ ព្រោះដឹងថា ជម្លោះដីធ្លីរបស់គ្រួសារខាងប្រពន្ធនឹងឈ្នះដោយសារមានឯកសារទិញគ្រប់គ្រាន់ ខណ:ដែលភាគីខាងគេនោះចង់រំលោភយកតែពុំបានសម្រេចក៏ប្ដឹងទៅតុលាការតែម្តង។
ទោះយ៉ាងណា លោកស្នើសុំតុលាការខេត្តកណ្ដាល មេត្តាជួយផ្ដល់យុត្តិធម៌ដល់ម្ចាស់ដីពិតប្រាកដ និងសូមចាត់ការចំពោះជនខិលខូចតាមផ្លូវច្បាប់ បើរកឃើញថាមានទោសកំហុសនោះ។ យ៉ាងណាក៏ដោយភ្នាក់ងារព័ត៌មាន មិនទាន់អាចសុំការបកស្រាយពីភាគីម្ខាងទៀត ឈ្មោះ ប៊ុន ចាន់សុធា បាននោះទេ៕