សម្រេចកែប្រែបទចោទប្រកាន់លើក្រុមចោរប្លន់ចំនួន ៣នាក់ពីធ្ងន់មកស្រាលដើម្បីឆាប់បានចេញពីគុក
(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នេះ លោកចៅក្រម ទិត្យ សុធីបូរ៉ាឆាត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានសម្រេចកែប្រែបទចោទប្រកាន់លើក្រុមចោរប្លន់ចំនួន ៣នាក់ពីធ្ងន់មកស្រាលដើម្បីឆាប់បានចេញពីគុក។
លោកចៅក្រម ទិត្យ សុធីបូរ៉ាឆាត បានប្តូរបទចោទប្រកាន់លើក្រុមលោកចោរទី១ឈ្មោះ ហេង សុខលី ហៅតឿ, ទី២ឈ្មោះ យ៉េង ឌីណា និងទី៣ឈ្មោះ សុខ ដា ពីបទ លួចមានស្ថានទម្ងន់ យោងមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ជាបទល្មើសឧក្រិដ្ឋត្រូវជាប់គុកពី៣ឆ្នាំ ទៅ១០ឆ្នាំ ទៅជាបទលួចធម្មតា តាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ ជាបទល្មើសមជ្ឈិមដោយអនុវត្តទោសត្រឹមតែ ១៨ខែតែប៉ុណ្ណោះ។
ការសម្រេចប្រាកដដោយឆន្ទានោះសិទ្ធិរបស់លោកចៅក្រម ទិត្យ សុធីបូរ៉ាឆាត ត្រូវបានមហាជនចូលរួមអបអរសាទរជាខ្លាំងដោយសារលោកចៅក្រមមានព្រហ្មវិហារធម៌ចំពោះក្រុមលោកចោរ ដើម្បីផ្ដល់ឱកាសដល់ក្រមលោកចោរឆាប់បានវិលទៅរស់នៅក្នុងសហគមន៍ ឬអាចនឹងប្រកបមុខរបររបស់ពួកគាត់យ៉ាងរលូន និងឆាប់រហ័សវិញ។
សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនក្រុមលោកចោរដែលមានសំណាងទាំង ៣នាក់ខាងលើ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខស្ថានីយ៍ប្រេងតេលា ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីរងគ្រោះឈ្មោះ យ៉ា ធារី៕