រឹបអូសឧបករណ៍នេសាទ ដោយខុសច្បាប់របស់ជនទុច្ចរិក បានជាច្រើនប្រភេទ និងជាច្រើនទីតាំង
ខេត្តបាត់ដបង ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ នៅក្នុងដែននេសាទនានាក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ ខណៈឱសានុវាទរបស់រដ្ឋបាលខេត្ត ទុកឱកាសឲ្យប្រជានេសាទប្រគល់ឧបករណ៍ខុសច្បាប់ទាំងនោះ ដោយស្ម័គ្រចិត្ត ដែលសល់ពេលត្រឹមជាងកន្លះខែទៀតតែប៉ុណ្ណោះ។
មន្ត្រីជលផល បានដឹកនាំកម្លាំងចម្រុះជិត៣០នាក់ បន្តចុះអប់រំ ទប់ស្កាត់ និងធ្វើការបង្ក្រាបលើទីតាំងកំពុងប្រព្រឹត្តបទល្មើសមួយចំនួន និងរឹបអូសបានវត្ថុតាងជាច្រើន។ នេះបើតាមរបាយការណ៍សមត្ថកិច្ច ក្រោយចុះបេសកកម្មកាលពីថ្ងៃទី២៣ ខែមេសា។ ក្រៅពីធ្វើការអប់រំប្រជានេសាទ អំពីច្បាប់ហាមឃាត់ក្នុងការប្រើឧបករណ៍នេសាទេខុសច្បាប់នានា កម្លាំងចម្រុះបានធ្វើការស្រាវជ្រាវ រហូតបង្ក្រាបបាននូវទីតាំងប្រព្រឹត្តបទល្មើសចំនួន០២គោលដៅ គឺគោលដៅទី១ នៅចំណុចក្បាលក្របី ច្របាញ់ញំ ពាមព្រែកត្រសក់ ស្ថិតភូមិក្បាលតោល ឃុំកោះជីវាំង និងគោលដៅទី២ នៅចំណុចពាក់កន្ទេល ព្រះដើមឈើ កប់ចេស កោះក្រង ស្ថិតក្នុងភូមិព្រឺកទាល់ ឃុំកោះជីវាំង។
លទ្ធផល នៃកិច្ចប្រតិបត្តិការលើគោដៅទាំង០២នេះ កម្លាំងចម្រុះបានរឹបអូសនូវវត្ថុតាងនានា ដូចជា សាច់មងក្រឡាញឹកប្រវែង ២៥៥០ម៉ែត្រ, ស្បៃមុងក្រឡាញឹកប្រវែង ៤៧០ម៉ែត្រ, លូស្បៃមុង (ដៃ) ចំនួន១៨, ឡុកចាប់ត្រីចំនួន១៨គ្រឿង និងបង្គោលចំនួន១៥០០ដើម។ ហើយប៉ុន្តែរបាយការណ៍នេះ មិនបានបង្ហាញឈ្មោះ ម្ចាស់បទល្មើសដែលត្រូវបង្ក្រាបនោះទេ។
សូមរំលឹកថា ពាក់ព័ន្ធនឹងវិធានការបង្ក្រាបបទល្មើសនេសាទេក្នុងទ្រង់ទ្រាយធំដុំមិនធ្លាប់មានខាងលើនេះ ក្រោមបទបញ្ជាយ៉ាងក្ដៅគគុករបស់រាជរដ្ឋាភិបាលនេះ កាលពីថ្ងៃទី០៧ ខែមេសា លោក សុខ លូ អភីបាលខេត្ត បានចេញសេចក្ដីជូនដំណឹងដ៏ខ្លីមួយសន្លឹក ស្ដីពីការ «ដកហូតឧបករណ៍នេសទល្មើសច្បាប់» ក្នុងខេត្តបាត់ដំបង។
តាមរយៈសេចក្ដីជូនដំណឹងនេះ លោក សុខ លូ បានអំពាវនាវ សូមឲ្យប្រជានេសាទក្នុងខេត្តបាត់ដំបង ទាំងអស់ ដែលមានឧបករណ៍នេសាទល្មើសច្បាប់ រួមមាន «អួនអូសទឹកសាប ម៉ាញ់ ឧបករណ៍ឆក់ និងឈិបយន្ត ព្រមទាំងឧបករណ៍ល្មើសច្បាប់ដទៃទៀត» ត្រូវយកមកប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចកិច្ចនៅក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ជាកំហិត។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្តក៏បានដាក់ចេញនូវបំរាមយ៉ាងដូច្នេះថា «ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ ថ្នាំពុលគីមី សាធាតុគីមីពុល និងឧបករណ៍ឆក់គ្រប់ប្រភេទក្នុងដែននេសាទ»។ មិនតែប៉ុណ្ណោះ លោកបានព្រមានចាត់វិធានការផ្លូវច្បាប់ដោយគ្មានការអនុគ្រោះ ចំពោះករណីមិនអនុវត្តតាមការជូនដំណឹង និងការណែនាំខាងលើនេះ។ ហើយអជ្ញាធរមានសមត្ថកិច្ច នឹងចុះឆែកឆេរ រុករកតាមលំនៅឋាន ដើម្បីរឹបអូសយកឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះ និងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។
ប៉ុន្តែយ៉ាងណាក្ដី បើគិតត្រិមថ្ងៃទី២៤ ខែមេសានេះ ឱសានុវាទរបស់រដ្ឋបាលខេត្ត បានបោះជំហានទៅមុខបានរយៈពេល១៧ថ្ងៃហើយ តែគេមិនទាន់ដឹងថា តើមានប្រជានេសាទដែលប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ប៉ុន្មាននាក់ហើយទេ បានស្ម័គ្រចិត្តដឹកឧបករណ៍ខុសច្បាប់ដែលមានតំលៃរាប់ពាន់រាប់ម៉ឺនដុល្លារបស់ខ្លួន យកមកប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច? ខណៈឱសានុវាទនេះ នៅសល់ពេលត្រឹមតែជាងកន្លះខែទៀតតែប៉ុណ្ណោះ អាជ្ញាធរនឹងចាប់ផ្ដើមអនុវត្តច្បាប់ដោយគ្មានការអនុគ្រោះ៕