ករណីផ្ទុះចលាចល ! ជនជាតិវៀតណាម ប្រមាណជាង២០០នាក់ នាំគ្នាសម្រុកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិ បាវិតដើម្បីឆ្លងដែនទៅប្រទេសវៀតណាមវិញ ដោយមិនដឹងអំពីមូលហេតុ នៅស្វាយរៀង
ករណីផ្ទុះចលាចល ! ជនជាតិវៀតណាម ប្រមាណជាង២០០នាក់ នាំគ្នាសម្រុកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិ បាវិតដើម្បីឆ្លងដែនទៅប្រទេសវៀតណាមវិញ ដោយមិនដឹងអំពីមូលហេតុ នៅស្វាយរៀង
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចក្រុងបាវិតបានឲ្យដឹងថា ករណីផ្ទុះចលាចលនេះកើតឡើងនៅ ថ្ងៃទី២៥ តុលា ឆ្នំា២០២២ ស្ថិតនៅចំណុចខាងមុខកាស៊ីណូឃីងក្រោណ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង។
យ៉ាងហោចណាស់ ជនជាតិវៀតណាមស្រី-ប្រុសប្រមាណជាង២០០នាក់ បាននាំគ្នាសម្រុកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិតដើម្បីឆ្លងដែនទៅប្រទេសវៀតណាមវិញ ដោយសមត្ថកិច្ចដាក់ការសង្ស័យថា ជាអំពើបង្ឃាំមនុស្សខុសច្បាប់ពេលមានអាជ្ញាធរចុះពិត្យតាមកាស៊ីណូក្នុងក្រុងបាវិតត្រូវថៅកែដឹកចេញ ដើម្បីគេចពីការផាកពិន័យរបស់សមត្ថកិច្ច និងសង្ស័យជនជាតិវៀតណាមទាំងនោះ ចូលមកធ្វើការនៅក្នុងកាស៊ីណូដោយខុសច្បាប់ ឬថៅកែកាស៊ីណូប្រើល្បិចគ្មានប្រាក់បើកឲ្យបុគ្គលិកធ្វើចលាចលឱ្យបុគ្គលិកជាជនជាតិវៀតណាមរត់ចេញធ្វើឱ្យផ្អើលដល់មហាជន ក៏ដូចជា អាជ្ញាធរនិងសមត្ថកិច្ចតែម្តង ហើយគិតដល់វេលាម៉ោង៤និង១៤នាទីរសៀលថ្ងៃទី២៥ តុលា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុចេញនេះទេ ។
មុនពេលកើតហេតុ គេឃើញរថយន្តក្រុងមួយគ្រឿងដឹកជនជាតិវៀតណាមប្រមាណជា៥០នាក់បម្រុងចេញពីក្រុងបាវិត ឆ្ពោះទៅរាជធានីភ្នំពេញ ខណៈរថយន្តចេញមកដល់លើផ្លូវជាតិលេខ១ ស្រាប់តែមានជនជាត់វៀតណាមប្រមាណ១៥នាក់បានស្ទាក់រថយន្ត ហើយយកដុំថ្ម គប់រថយន្តបង្ខំឲ្យរថយន្តឈប់អ្នកនៅក្នុងរថយន្តបាននាំគ្នាវាយកញ្ចក់រថយន្តលោតចុះតាមបង្អួចខ្លះចុំតាមទ្វារបង្កឲ្យភ្ញាក់ផ្អើលតែម្តង ។
ប្រភពបន្តទៀតថា ដោយកាលពីវេលម៉ោង០៣ និង១៥នាទីយប់ទៀបភ្លឺ មានរថយន្តក្រុងចំនួន២គ្រឿងបានដឹកជនជាតិវៀតណាមចេញពីកាស៊ីណូ ម្តុំកាស៊ីណូឃីងក្រោណ និងកាស៊ី ម៉ុកបាយ ក្រុងបាវិតប្រមាណ១០០នាក់ឆ្ពោះទៅរាជធានីភ្នំពេញ លុះដល់ចំណុចស្ពានទន្លៀងទី២ ស្ថិតនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប គឺជនជាតិវៀតណាមទាំងនោះ បានភ័យនាំគ្នាគោះរថយន្តឲ្យឈប់រួចនាំគ្នាចុះពីរថយន្តរត់គេចខ្លួនផងដែរ។
ចំណែកប្រភពមួយទៀតបានបង្ហើបឲ្យដឹងថា កាលពីយប់ទៀបភ្លឺថ្ងៃទី២៤ តុលា ២០២២ មានករណីចាប់បង្ខាំងមនុស្ស នៅក្នុងអគារមួយខាងក្រោយកាស៊ីណូឃីងក្រោណ ស្ថិតនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត ដោយជនរងគ្រោះជាជនជាតិវៀតណាមចំនួន០៣នាក់ បានលោតចុះពីលើអគារ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់០២នាក់ ត្រូវបានគេនាំគេចខ្លួនបាត់ ។
ចំណែកសាកសពជនរងគ្រោះម្នាក់ ត្រូវសមត្ថកិច្ចដឹកយកចេញពីកន្លែងកើតហេតុ ក៏ប៉ុន្តែមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលទៅជិតថតយករូបភាពទេ និងប្រាប់ថា សមត្ថកិច្ចកំពុងធ្វើការ។
សមត្ថកិច្ចម្នាក់បាននិយាយថា ករណីជនជាតិវៀតណាមផ្អើលនាំគ្នារត់ចេញពីកាស៊ីណូសង្ស័យថា បង្ខាំងមនុស្ស ហើយបែកធ្លាយ ហើយពេលថៅកែ ដឹកពួកគេចេញទាំងយប់ ទើបជនជាតិវៀតណាមទាំងនោះភ័យ នាំគ្នា វាយកញ្ចក់រថយន្តលោតចុះគេចខ្លួនតែម្តង។
ចុងក្រោយសមត្ថកិច្ចដាក់ការសង្ស័យថា ជនជាតិវៀតណាមទាំងនេះចូលមកធ្វើការដោយខុសច្បាប់ ហើយប៉ុន្មានសប្តាហ៌នេះ អាជ្ញាធរខេត្តស្វាយរៀងដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះនៅក្រុងបាវិតចុះត្រួតពិនិត្យ តាមកាស៊ីណូ ក្នុងក្រុងបាវិត ធ្វើឲ្យថៅកែរកាស៊ីណូដែលមានបុគ្គលិកជាជនជាតិវៀតណាមធ្វើការដោយខុសច្បាប់នោះក៏ដឹកជនជាតិវៀតណាមទាំងនោះយកទៅលាក់កន្លែងណាមួយដឹកទៅភ្នំពេញឬទៅក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា នេះគ្រាន់តែ ធ្វើការសង្ស័យនិងសន្និដ្ឋានក្រៅផ្លូវការទេ ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេត ។
ជនជាតិវៀតណាមប្រមាណជាង២០០នាក់បានសម្រុកចេញទៅប្រទេសវៀតណាម វិញ តាមច្រកទ្វាព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត នៅវេលាម៉ោង៧និង០០នាទីព្រឹកដល់ម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២៥តុលា២០២២ អស់ហើយឬនៅនោះទេរហូតដល់ថ្ងៃទី២៦នេះ។ ហើយមិនទាន់ដឹងថា តើជនជាតិវៀតណាមទាំងនោះរត់ចេញពីកាស៊ីណូមួយណាក៏ពុំទាន់ដឹងដែរ។
ទាក់ទិនករណីនេះ ឯកឧត្តមម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបាបាប្រាប់ឲ្យដឹងថា លោកមិនទាន់ទទួលព័ត៌មានពីសមត្ថកិច្ចនៅក្រុងបាវិតនៅឡើយ ដោយសមត្ថកិច្ចកំពុងធ្វើការ ។
ទោះជាយ៉ាងណាក្ដីអង្គភាពសារព័ត៌មាយើងនឹងធ្វើការផ្សាយជូនបន្តជាបន្តបន្ទាប់ទៀត ៕