ជនមិនស្គាល់មុខ «គាស់ទម្លុះទម្លាយលំនៅឋានប្រជាពលរដ្ឋ លួចយកព្រទ្យសម្បតិ្ត» ឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ ៣នាក់ ជាបន្តបន្ទាប់
ជនមិនស្គាល់មុខ «គាស់ទម្លុះទម្លាយលំនៅឋានប្រជាពលរដ្ឋ លួចយកព្រទ្យសម្បតិ្ត» ឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ ៣នាក់ ជាបន្តបន្ទាប់
ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២៥ តុលា ឆ្នំា២០២២ ក្រោយពីធ្វើការស៊ើបអង្កេតអស់រយៈពេលជិតកន្លះខែក្នុងសំណុំរឿងជនមិនស្គាល់មុខ «គាស់ទម្លុះទម្លាយលំនៅឋានប្រជាពលរដ្ឋលួចយកព្រទ្យសម្បតិ្ត» កម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៣នាក់ជាបន្តបន្ទាប់ នៅឃុំបន្សាយត្រែង ស្រុកថ្មគោល ។
ជនសង្ស័យទាំងបីនាក់មាន ១-ឈ្មោះ រ័ត្ន ដារ៉ាន់ អាយុ២០ឆ្នាំ នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក (មានដីកាចាប់ខ្លួន) ២-ឈ្មោះ ធី រ៉ាឆេន អាយុ២១ឆ្នាំ នៅភូមិប៉ោងយង់ ឃុំតាពូង ស្រុកថ្មគោល និង ៣-ឈ្មោះ ស៊ិន រ៉ូត អាយុ២៥ឆ្នាំ នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ។
ជនសង្ស័យទាំងបីនាក់នេះ ត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនិងអំពើ«ចោរកម្ម» គាស់ទម្លុះទម្លាយលំនៅឋានរបស់ប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិគ្មានសល់ កាលពីជិតកន្លះខែមុន នៅឃុំបន្សាយត្រែង ស្រុកថ្មគោល ។ លោកបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងជំនាញរបស់លោកបានធ្វើការស៊ើបអង្កេតរហូតមកដល់ពេលនេះ ទើបកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនតែម្ដង ។ ប៉ុន្តែពួកគេបានបដិសេធមិនបានប្រព្រឹត្តផ្ទាល់ តែបានទទូលយកវត្ថុតាងដែលលួចបានយកទៅលក់បន្តនៅខេត្តបន្ទាយមានជ័យ ។ កាលពី ថ្ងៃទី១២ តុលា មានការគាស់ទម្លុះទម្លាយផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅក្នុងភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល ដែលបង្កឡើងដោយជនមិនស្គាល់មុខ។ ម្ចាស់ផ្ទះឈ្មោះ កង សុវណ្ណ ស្រីអាយុ៧៣ឆ្នាំ ក្រុមចោរបានធ្វើសកម្មភាពគាស់ផ្ទះរបស់គាត់ ខណៈពេលគាត់មិនបានស្នាក់នៅបិទទ្វារទុកចោល ។
ម្ចាស់ផ្ទះដែលបានប្ដឹងសមត្ថកិច្ចបានឲ្យដឹងថា ទ្រព្យសម្បតិ្តដែលបាត់បង់រួមមាន ម៉ូតូមួយគ្រឿងម៉ាកវីនន័រ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខបាត់ដំបង 1AH-7542 កុំព្យូទ័រយូដៃមួយគ្រឿង និងទូរស័ព្ទមួយគ្រឿង ។ ប៉ុន្តែពេលត្រូវចាប់ខ្លួន សមត្ថកិច្ចក្រុមជនសង្ស័យពុំមានវត្ថុតាងនៅសេសសល់ ដើម្បីឲ្យសមត្ថកិច្ចដកហូតទេ ព្រោះពួកគេអះអាងថា បានយកទៅលក់អស់ហើយ ។
ជនសង្ស័យទាំងបីនាក់នេះ បានឆ្លើយបដិសេធថា ពួកគេមិនបានប្រព្រឹត្តផ្ទាល់លើករណីគាស់ផ្ទះខាងលើនេះទេ តែបានទទូលយកសម្ភារៈទាំងនោះ យកទៅលក់ឲ្យគេនៅឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ពេលនេះយើងមិនទាន់រកឃើញឬដកហូតវត្ថុតាងណាមួយបានពីក្រុមជនសង្ស័យនៅឡើយទេ ព្រោះវត្ថុតាងទាំងនោះ ពួកគេអះអាងថា បានយកទៅលក់អស់ហើយ។ ពេលនេះលោកកំពុងរង់ចាំគោលការណ៏លោកស្នងការ និងលោកព្រះព្រះរាជអាជ្ញារ ដើម្បីបន្តនីតិវិធីតាមរកវត្ថុតាង នៅទីតាំងដែលជនសង្ស័យបានយកទៅលក់៕