ជនសង្ស័យម្នាក់ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ករណីលួចទូរស័ព្ទរបស់ព្រះសង្ឃ
ជនសង្ស័យម្នាក់ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត
ករណីលួចទូរស័ព្ទរបស់ព្រះសង្ឃ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២២នេះ ឃាត់ខ្លួនក្មេងវត្តម្នាក់ ករណីលួចទូរស័ព្ទរបស់ព្រះសង្ឃ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅចំណុចក្នុងវត្តសុវណ្ណបុព្វតា (ហៅវត្តខ្លាកូនចាស់)ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ យោងតាមពាក្យបណ្តឹងរបស់ព្រះសង្ឃគង់ក្នុងវត្តខាងលេី។
ជនសង្ស័យឈ្មោះ ឆូត ឆុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត នៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅក្នុងវត្ត ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកបន្តទៀតថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានករណីអំពើលួច(ទូរស័ព្ទ) នៅចំណុចក្នុងវត្តសុវណ្ណបុព្វតា (ហៅវត្តខ្លាកូនចាស់) ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយជនសង្ស័យឈ្មោះ ឆូត ឆុង បានធ្វើសកម្មភាពលួចយកទូរស័ព្ទចំនួន០៤គ្រឿង របស់ព្រះសង្ឃគង់នៅវត្តខាងលេី។
ក្រោយពីទទួលបានពាក្យបណ្ណឹងខាងលើរួចមក កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាងទូរស័ព្ទចំនួន០៤គ្រឿង រួមមាន៖ ១.ទូរស័ព្ទម៉ាកOPPO ពណ៌ក្រហម ចំនួន០២គ្រឿង, ២.ទូរស័ព្ទម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង,៣.ទូរស័ព្ទម៉ាកVIVO ពណ៌ស ចំនួន០១គ្រឿង។ បន្ទាប់មកកម្លាំងអាវុធហត្ថក្រុង នាំជនសង្ស័យមកសួរនាំនៅមូលដ្ឋានអាវុធហត្ថក្រុងហើយអនុវត្តតាមនីតិវិធី។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចទូរស័ព្ទរបស់ព្រះសង្ឃពិតប្រាកដមែន។ បន្ទាប់មកជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
មុនពេលបង្រ្កាបករណីនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីតាមនីតិវិធីច្បាប់។ ចំណែកវត្ថុតាងទូរស័ព្ទ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប្រគល់ជូនព្រះសង្ឃវិញ៕