ស្អែកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនពលរដ្ឋខេត្តព្រៃវែង ជាង ៦ពាន់គ្រួសារ
ស្អែកនេះ! សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនពលរដ្ឋខេត្តព្រៃវែង ជាង ៦ពាន់គ្រួសារ
(ព្រៃវែង)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តព្រៃវែងចំនួន ៦,១១២គ្រួសារ។
ខេត្តព្រៃវែង ជាខេត្តមួយដែលមានអំណោយផលខ្ពស់សម្រាប់ដំណាំស្រូវ ហើយផ្ទៃដីសម្រាប់ធ្វើស្រែជិត៣៤ម៉ឺនហិកតា។ ក្នុងនោះផ្ទៃដីស្រែវស្សាមានរហូតដល់ទៅ ២៥ម៉ឺនហិកតា។ ខេត្តនេះធ្លាប់ជាខេត្តជាប់ចំណាត់លេខមួយលើទិន្នផលស្រូវ។
ក្នុងរដូវវស្សាឆ្នាំនេះ ខេត្តព្រៃវែង ក៏បានទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គផងដែរ។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា ទឹកជំនន់នេះ បង្កឱ្យប៉ះពាល់ស្រុកចំនួន១១ ស្មើនឹង ៤៩ឃុំ និង ២៤៥ភូមិ។ ប៉ះពាល់ស្រែប្រជាកសិករជិត ៧ពាន់ហិកតា ស្មើនឹងជាង ៧ពាន់គ្រួសារ។ ផ្ទៃដីខូចខាតសរុបមានជិត ៦ពាន់ហិកតា ស្មើនឹងជាង ៦ពាន់គ្រួសារ។ ក្នុងនោះផ្ទៃដីដែលអាចស្តារឡើងវិញបាន មានចំនួន៩ស្រុក លើផ្ទៃដីជាង ៥ពាន់ហិកតា ស្មើនឹងជាង ៦ពាន់គ្រួសារ។
សូមបញ្ជាក់ថា ខេត្តព្រៃវែង គឺជាខេត្តទី៦ហើយ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ។ ខេត្តចំនួន៥ ដែលសម្តេចតេជោ បានចែករួចហើយនោះ រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ។
ខេត្តទាំង៦ ដែលសម្តេចតេជោ អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនកសិករនេះ គឺជាខេត្តដែលបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរជាងគេ។ ខេត្តទាំង៦មានប្រជាពលរដ្ឋជិត ៤ម៉ឺនគ្រួសារ ដែលសម្តេចតេជោ បានផ្តល់ស្រូវពូជសម្រាប់ស្តារដំណាំស្រូវឡើងវិញ និងផ្តល់ស្បៀងអាហារសម្រាប់ដោះស្រាយការលំបាកក្នុងជីវភាព។
ដំណើរបស់សម្តេចតេជោ អញ្ជើញចុះផ្តល់ស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ គ្រាការងារជាតិគរដូចភ្នំនោះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ លើការងសុខទុក្ខរបស់ប្រជាកសិករ។ ជាពិសេសការស្រោចស្រង់ដំណាំស្រូវឡើងវិញ ដែលជាការទ្រទ្រង់ដល់ដំណើរការផលិតស្បៀងដ៏សំខាន់នៅកម្ពុជា៕