សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខជាមួយកូរ៉េខាងត្បូង ចំពោះហេតុការណ៍សោកនាដកម្មរត់ជាន់គ្នា

សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខជាមួយកូរ៉េខាងត្បូង ចំពោះហេតុការណ៍សោកនាដកម្មរត់ជាន់គ្នា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវការសោកសៅជាខ្លាំងចំពោះឧបទ្ទវហេតុសោកនាដកម្មនៃការរត់ជាន់គ្នារបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូង នៅក្នុងខណ្ឌអ៉ីថេវ៉ុន ក្រុងសេអ៊ូល កាលពីយប់ថ្ងៃទី២៩ ខែខែតុលា។

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខជូនប្រធានាធិបតីកូរ៉េខាងត្បូង, សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់។ ខណៈដែលកម្ពុជានៅជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំសូមជូនពរឱ្យអ្នកដែលរងរបួសទាំងអស់ឆាប់បានជាសះស្បើយ»។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃសៅរ៍ គ្រាដែលពលរដ្ឋកូរ៉េខាងត្បូង ជាពិសេសយុវវ័យប្រមាណជា ១០ម៉ឺននាក់ កំពុងដើរលេងកម្សាន្តពេលរាត្រី នៃទីក្រុងសេអ៊ូល ដើម្បីអបអរពិធីបុណ្យ Halloween ក៏បានកើតមានហេតុការណ៍រត់ជាន់គ្នានេះកើតឡើង។ ការជួបជុំដើម្បីអបអរសាទរពិធីបុណ្យ Halloween ទើបនឹងត្រូវបានបើកឱ្យមានការជួបជុំឡើងវិញ ក្រោយពីការរាតត្បាតជំងឺកូវីដ១៩។

តួលេខចុងក្រោយពីអាជ្ញាធរកូរ៉េខាងត្បូង បានបង្ហាញថា មនុស្សយ៉ាងហោចណាស់ ១៥៣នាក់បា នស្លាប់ និង ៨២នាក់រងរបួស ក្នុងនោះ ១៩នាក់ របួសធ្ងន់។ ក្នុងចំណោមអ្នកបាត់បង់ជីវិត តួលេខជនបរទេសបានកើនដល់ ២២នាក់ រួមមានជនជាតិចិន ៤នាក់, អ៉ីរ៉ង់៤នាក់, រុស្ស៉ី៣នាក់, អាមេរិក១នាក់, បារាំង១នាក់, អូស្រ្តាលី១នាក់, វៀតណាម១នាក់, អ៊ូសបេគីស្ថាន១នាក់, ន័រវែស១នាក់, កាហ្សាក់ស្ថាន ១នាក់, ស្រីលង្កា១នាក់, ថៃ ១នាក់ និងអូស្រ្តាលី ១នាក់ ខណៈជនបរទេសម្នាក់ចុងក្រោយ មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ នៅឡើយទេ។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចប្រកាសកាន់ទុក្ខរយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃសៅរ៍ សប្តាហ៍ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង