ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយអនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយអនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម

 នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ងៀ (Nguyen Van Nghia) អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

 ក្នុងនាមម្ចាស់ផ្ទះនៃកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣  ឯកឧត្តម ឧត្តមសេនីយ៍ឯក វៀន វ៉ាន់ងៀ បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ហើយជាពិសេសបានសម្តែងនូវទឹកចិត្តសប្បាយរីករាយដែល​​ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឆ្លៀតពេលវេលាដ៏មមាញឹកចូលរួមកិច្ចប្រជុំនេះ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ជាពិសេសលទ្ធផលវិជ្ជមានជាច្រើនបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទៅកាន់ប្រទេសវៀតណាមកាលពីខែសីហា ឆ្នាំ២០២២ រួមមានជាអាទិ៍៖ ការផ្លាស់ប្តូរទស្សនកិច្ច, ការហ្វឹកហ្វឺន, ការធ្វើលំហាត់រួម ជាក់ស្តែងលំហាត់រួមត្រីភាគីស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ លើសពីនេះ ឯកឧត្តម មានក្តីសង្ឃឹមជឿជាក់ថា កងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការល្អទាំងនៅតាមបណ្តោយព្រំដែន និងការបន្តគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សជាដើម។

 ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  បានថ្លែងអបអរសាទរចំពោះប្រទេសវៀតណាមក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ ជាការបង្កលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដោយផ្ទាល់ ខណៈដែលកិច្ចប្រជុំប្រចាំឆ្នាំនេះ ត្រូវបានធ្វើទ្បើងតាមប្រព័ន្ធវីដេអូ អស់រយៈកាល០២ឆ្នាំជាប់គ្នាកន្លងមកហើយ។ ទន្ទឹមនឹងនេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះកងទ័ពប្រជាជនវៀតណាម ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបានបង្កលក្ខណៈគ្រប់យ៉ាងដល់ក្រុមបាញ់កាំភ្លើងដៃកម្ពុជាក្នុងការចូលរួមហ្វឹកហាត់ និងប្រកួតក្នុងព្រឹត្តិការណ៍ជំនួបបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (AARM) លើកទី៣០ នេះ។ ជាមួយគ្នាផងដែរ ឯកឧត្តម មេបញ្ជាការ  ក៏បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហការជួយគ្នាទៅវិញទៅមកក្នុងស្មារតីមិត្តភាព សាមគ្គីភាពគ្រប់កាលៈទេសៈ ក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាដ៏ល្អ ហើយមានក្តីសង្ឃឹមជឿជាក់ថាទំនាក់ទំនងជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ នឹងបន្តយូរអង្វែងតជំនាន់ទៅទៀត។ 

 ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ ស្របតាមគោលការណ៍ និងទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់យក ជាពិសេសការបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ព្រមទាំងបានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការអនុវត្តភារកិច្ចឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅនាំមកនូវការរីកចម្រើនកាន់តែសកម្មនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

អត្ថបទដែលជាប់ទាក់ទង