លោក ជាវ តាយ ត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ខូយ រីដា ត្រូវបានតែងតាំងជាអភិបាលខេត្តពោធិ៍សាត់
លោក ជាវ តាយ ត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
លោក ខូយ រីដា ត្រូវបានតែងតាំងជាអភិបាលខេត្តពោធិ៍សាត់
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់អ្នកព័ត៌មាននៅថ្ងៃទី១៧ ខែវិច្ឆិកាថា ការផ្លាស់ប្តូរនេះធ្វើឡើងតាមការស្នើសុំរបស់លោក ជាវ តាយ ហើយលោកមិនមានកំហុសអ្វីនោះទេ។
លោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តពោធិ៍សាត់ជំនួស លោក ជាវ តាវ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ដូច្នេះ «ឯកឧត្តម ជាវ តាយ លោកអត់មានកំហុសអីទេ ប៉ុន្តែត្រូវការពេលវេលាសម្រាកព្យាបាល។ ខ្លួនគាត់ និងគ្រួសារគាត់ចង់បានអ៊ីចឹង ហើយយើងគោរពតាមសំណើ និងសំណូមពររបស់គាត់»។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ផងដែរថា សម្តេចនឹងអញ្ជើញជាអធិបតីប្រកាសតែងតាំង និងចូលកាន់តំណែងអភិបាលថ្មី នៃគណៈអភិបាលខេត្តពោធិ៍សាត់នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
សូមបញ្ជាក់ថា លោក ជាវ តាយ ធ្លាប់ជាអតីតអភិបាលរងខេត្តកណ្តាល នៅឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជាអភិបាលខេត្តកំពត ហើយបានផ្ទេរទៅកាន់តំណែងអភិបាលខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២១។
ពេលអញ្ជើញទៅដល់ខេត្តពោធិ៍សាត់ លោកក៏មានបញ្ហាសុខភាព មិនសូវបានកាន់ការងារប៉ុន្មាននោះឡើយ៕