ពិនិត្យមើលការលក់-ទិញស្រូវ របស់ប្រជាកសិករ នៅបន្ទាយមានជ័យ
ពិនិត្យមើលការលក់-ទិញស្រូវ របស់ប្រជាកសិករ នៅបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នំា២០២២នេះ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះជួបផ្ទាល់ជាមួយបងប្អូនក្រុមការងារ ប្រជាកសិករ និងឈ្មួញរោងម៉ាស៊ីនកិនស្រូវតាមបណ្តាគោលដៅមួយចំនួនក្នុងស្រុកអូរជ្រៅ ព្រះនេត្រព្រះ និងស្រុកស្វាយចេក ឃើញថា ស្ថានភាពការប្រមូលផលស្រូវ និងតម្លៃនៃការលក់ស្រូវរបស់បងប្អូនគឺរក្សាបានតម្លៃល្អសមស្របទៅនឹងតម្លៃដែលបានកំណត់គោល មានន័យថាទោះបងប្អូនលក់ឱ្យឈ្មួញទិញក៏មានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃកំណត់ឬលក់ទៅឱ្យខាងរោងម៉ាស៊ីនដែលទទួលទិញដែរ។ប្រជាកសិករគ្រប់គោលដៅទាំងអស់បានសាទរទៅនឹងការអនុវត្តថ្លៃគោលនេះ។
ក្នុងរយៈពេលអនុវត្តន៍ប៉ុន្មានសប្តាហ៍មកនេះ ការចូលរួមយ៉ាងសកម្មចុះសម្របសម្រួលគ្រប់ទីកន្លែងនៃការប្រមូលផលស្រូវវស្សាដើមរដូវ ប្រភេទស្រូវផ្កាម្លិះតាមបណ្តាឃុំ-ភូមិក្នុងខេត្តពីសំណាក់ក្រុមការងារចម្រុះរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ លោក លោកស្រីអភិបាលស្រុក មេឃុំ រោងម៉ាស៊ីនកិនស្រូវ បានចុះធ្វើអន្តរាគមន៍សម្របសម្រួលនៃការរៀបចំប្រមូលផ្តុំទិញលក់ស្រូវរបស់បងប្អូនប្រជាកសិករយើងតាមគោលដៅនានា និងតាមតម្លៃកំណត់យកថ្លៃគោលសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ (ស្រូវសើម) មិនក្រោម៩បាត ក្នុង១គីឡូក្រាម ឬ១.០៤០រៀលក្នុង១គីឡូ ក្រាមនៅនឹងកន្លែងដូចនៅខេត្តបាត់ដំបងដែរ ។
ការធ្វើអន្តរាគមន៍ជួយសម្របសម្រួលការប្រមូលទិញស្រូវ ដើម្បីជួយរក្សាតម្លៃលក់ស្រូវដល់ពុកម៉ែបងប្អូនប្រជាកសិករក្នុងខេត្តឱ្យរក្សាបាននូវស្ថានភាពល្អប្រសើរនោះ លោកអ៊ុ រាត្រី ក្នុងនាមរដ្ឋបាលខេត្ត សូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរខ្ពស់ដល់ប្រជាកសិករ ដោយផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លារអាមេរិកជាមូលនិធិទិញស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់ក្រុមហ៊ុនបៃតង រោងម៉ាស៊ីនកិនស្រូវ ការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។
ជាមួយគ្នានេះ លោកអភិបាលខេត្តសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក្រុមហ៊ុនបៃតងរបស់លោកឧកញ៉ា ភូ ពុយ រោងម៉ាស៊ីនកិនស្រូវ និងក្រុមការងារពាក់ព័ន្ធ អាជ្ញធរដែនដី ដែលបានជួយដោះស្រាយបញ្ហាតម្លៃស្រូវរក្សាតម្លៃលក់របស់ប្រជាកសិករក្នុងខេត្ត ពិសេសតាមបណ្តាស្រុកឃុំដែលមានស្រូវស្រាលដើមរដូវក្នុងឆ្នាំនេះ និងបន្តជួយទិញបងប្អូនប្រជាកសិករបន្តទៀតផងដែរ៕