ពាណិជ្ជករជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនទៅតុលាការ ពាក់ព័ន្ធពីបទឆបោក និងរំលោភលើទំនុកចិត្ត តាមរូបភាពបបួលមិត្តភក្តិ ដាក់ទុនវិនិយោគ ចំនួន១០ម៉ឺនដុល្លារ
ពាណិជ្ជករជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនទៅតុលាការ ពាក់ព័ន្ធពីបទឆបោក និងរំលោភលើទំនុកចិត្ត តាមរូបភាពបបួលមិត្តភក្តិ ដាក់ទុនវិនិយោគ ចំនួន១០ម៉ឺនដុល្លារ
ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធពីបទឆបោក និងរំលោភលើទំនុកចិត្ត តាមរូបភាពបបួលមិត្តភក្តិដាក់ទុនវិនិយោគចំនួន១០ម៉ឺនដុល្លារ ដើម្បីរកស៊ីលក់គ្រឿងសំណង់ ប៉ុន្តែទីបំផុតនៅពេលបានប្រាក់ហើយ បែរជាយកទៅលេងកាស៊ីណូហ្មត់ខ្ទេចអស់ទៅវិញ។
ជនសង្ស័យនេះ មានឈ្មោះ LI YOU HANG ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅខុនដូ បាលី ទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យនេះ ត្រូវបានជនរងគ្រោះជាមិត្តភក្តិ និងជាជនជាតិម៉ាឡេស៊ី ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្តលើទឹកប្រាក់១០ម៉ឺនដុល្លារអាមេរិក ដោយផ្តើមចេញពីការដាក់ទុនបង្កើតមុខរបរលក់គ្រឿងសំណង់។
កាលពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យបានទំនាក់ទំនងជាមួយជាជនជាតិម៉ាឡេស៊ីម្នាក់ ដោយរាប់អានគ្នាធ្វើជាមិត្តភក្តិ ហើយក៏បបួលមិត្តភក្តិរូបនោះឲ្យដាក់ទុនវិនិយោគ បើកក្រុមហ៊ុនរកស៊ីលក់គ្រឿងសំណង់ នៅក្នុងស្រុកខ្មែរ។ ដោយមានការជឿទុកចិត្ត ជនរងគ្រោះក៏បានចំណាយប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិកឲ្យទៅជនសង្ស័យ ដើម្បីទិញសម្ភារៈគ្រឿងសំណង់ ដោយបានសន្យាតែរយៈពេល៥ថ្ងៃ ឲ្យមានសម្ភារៈដាក់លក់ក្នុងក្រុមហ៊ុន ដើម្បីយកផលចំណេញចែកគ្នា។ ប៉ុន្តែនៅទីបំផុត ជនសង្ស័យដែលជាជនជាតិចិន នៅពេលបានប្រាក់១០ម៉ឺនដុល្លារពីជនរងគ្រោះហើយ មិនបានយកលុយនោះទៅទិញសម្ភារៈមកដាក់លក់តាមការសន្យានោះទេ បែរជាយកលុយទាំងនោះទៅលេងល្បែ.ងស៊ីសងនៅកាស៊ីណូចាញ់ហ្មត់អស់ ទើបជនរងគ្រោះតាមចាប់ប្រគល់ឲ្យសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង។ ជនសង្ស័យមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធគារជាបណ្តោះអាសន្ន ៕