លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា……
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា……
ភ្នំពេញៈ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តបុរាណនិវេសន៍ ហៅវត្តប្រាសាទ នាងខ្មៅ ស្ថិតនៅក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ សម្តេចតេជោ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ គណបក្សប្រជាជនកម្ពុជា បាននៅកៀកជិតស្និទ្ធ បម្រើប្រជាពលរដ្ឋ ជាប់ជាប្រចាំ ដោយមិនគិតពីការនឿយហត់ ដើម្បីផ្តល់ភាពកក់ក្តៅ និងជួយដោះស្រាយ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេស ការជួយទំនុកបម្រុង ដល់ប្រជាកសិករ និងប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាព តាមរយៈការដាក់ចេញ នូវគោលនយោបាយ ជាច្រើន រួមមានជាអាទិ៍៖ ការបើកទូលាយ ឱកាសគ្រប់វិស័យ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ, ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ទាំងផ្នែកដឹកជញ្ជូនតភ្ជាប់ និងប្រព័ន្ធធារាសាស្ត្រ, ការពង្រីកទីផ្សារ និងការគិតគូរអំពីតម្លៃ ទិន្នផលកសិកម្ម, ការមិនយកពន្ធលើដីស្រែចម្ការ, ការផ្តល់ការលើកទឹកចិត្តផ្នែក សារពើពន្ធ ក្នុងវិស័យកសិកម្ម, ការអនុគ្រោះថ្លៃអគ្គិសនី ក្នុងវិស័យកសិកម្ម តាមរយៈ ការឧបត្ថម្ភធន ពីរាជរដ្ឋាភិបាល, ការអនុវត្តវិធានការអន្តរាគមន៍គាំពារសង្គម ផ្តល់ការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយទាំងនេះសុទ្ធសឹងតែ ជាសកម្មភាពជាក់ស្តែង ចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងរក្សាភាពសុខ ដុមរមនា ជូនសង្គមជាតិ និងប្រជាជន។
លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមឲ្យប្រជាពលរដ្ឋ បន្តមានជំនឿជឿជាក់លើ សម្តេចតេជោ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគណបក្ស គ្រប់លំដាប់ថ្នាក់ តាមរយៈ ការបោះឆ្នាត ផ្តល់ឱកាសជូន គណបក្សប្រជាជនកម្ពុជា គ្រប់ៗអាណត្តិ តទៅមុខ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពរុងរឿង ជានិច្ចនិរន្តន៍។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋក្នុងឃុំរវៀង ស្រុកសំរោង ក៏ដូចជា ក្នុងខេត្តតាកែវទាំងមូល ដែលតែងជឿទុកចិត្តលើគណបក្ស ប្រជាជនកម្ពុជា ជាពិសេស ដូចដែលស្តែងឡើង តាមរយៈលទ្ធផល នៃការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅ ដោយនេះ គឺជាសក្ខីភាពដ៏ ជាក់ច្បាស់ថា ប្រជាពលរដ្ឋ ម្ចាស់ស្រុក បានសម្រេចជ្រើសរើសអ្នកបម្រើជាតិពិតប្រាកដ ដើម្បីបន្តថែរក្សា សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសជាតិ ដែលកំពុងមាននេះ ឱ្យបានបន្តឋិតឋេរ គង់វង្ស យូរអង្វែង តរៀងទៅ។
ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវមោទកភាព ចំពោះការកកើត ឡើង នូវសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាម ដ៏មានវ័យចំណាស់ ប្រមាណ ១៤០ ឆ្នាំមួយនេះ ព្រមជាមួយនឹងការអរគុណ ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការ អាចារ្យវត្ត លោកតាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទនាងខ្មៅ រួមទាំងសប្បុរសជន ជិតឆ្ងាយទាំងអស់ ដែលបានចូលរួមចំណែកទំនុកបម្រុង ដល់វត្តដ៏ចំណាស់នេះ ឱ្យរក្សាបាននូវភាពស័ក្តិសម ទៅនឹងកិត្តិនាមដ៏ឧត្តុង្គឧត្តម ដូចបានប្រសិទ្ធនាមជា «វត្តបុរាណនិវេសន៍» ពីសំណាក់សម្តេចព្រះសង្ឃរាជ ជួន ណាត ខណៈដែលទីអារាមនេះ ត្រូវបានបំផ្លិចបំផ្លាញចោល នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការរីកចម្រើនឡើងវិញរបស់វត្តនេះ រហូតដល់បច្ចុប្បន្ន គឺបានសរបញ្ជាក់ឱ្យ ឃើញថា ដួងព្រលឹង ជាពុទ្ធសាសនិករបស់ខ្មែរ មិនត្រូវបានពួកទមិឡ អត់សាសនា បំផ្លាញបាននោះទេ។ ពោលគឺ ដរាបណា មានសុខសន្តិភាពខ្មែរយើងនឹងបន្តទទួលបាន នូវការបង្កលក្ខណៈដល់ការគោរពប្រតិបត្តិ និងលើកតម្កើងព្រះពុទ្ធសាសនា ដូចចែងក្នុង បាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដូច្នោះដែរ ។
លោកបណ្ឌិត បានលើកឡើងថា សមិទ្ធផលដែលត្រូវបានសម្ពោធ ក្នុងថ្ងៃនេះ ក៏បានបង្ហាញផងដែរ នូវភាពរីករាយរបស់ប្រជាជនខ្មែរ ក្នុងការចូលរួមចំណែក កសាងសមិទ្ធផល ក្នុងវិស័យពុទ្ធចក្រ តាមរយៈវប្បធម៌ចែករំលែក ដែលជាប្រពៃណី ដ៏ផូរផង់ របស់ខ្មែរ នៅក្រោមម្លប់នៃសុខសន្តិភាព, ការរួបរួមសាមគ្គីជាតិខ្មែរ ដោយមិនមានការរើសអើង, ការអនុវត្តសិទ្ធិសេរីភាព ពេញលេញរបស់ប្រជាពលរដ្ឋខ្មែរ និងកត្តាជីវភាពរបស់ប្រជាជន ដែលមានការរីកចម្រើន ជាលំដាប់៕