ភ្ញាក់ផ្អើល! លោកគ្រូអ្នកគ្រូវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្នើរដ្ឋមន្ត្រីក្រសួងអប់រំជួយអន្តរាគមន៍ ករណីនាយកសាលាតែងតាំងមនុស្សជំនិតរបស់ខ្លួន ជានាយរងថ្មី
ភ្ញាក់ផ្អើល! លោកគ្រូអ្នកគ្រូវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្នើរដ្ឋមន្ត្រីក្រសួងអប់រំជួយអន្តរាគមន៍ ករណីនាយកសាលាតែងតាំងមនុស្សជំនិតរបស់ខ្លួន ជានាយរងថ្មី
មណ្ឌលគិរី៖ ការស្នើសុំអន្តរាគមន៍នេះធ្វើឡើងបន្ទាប់ពីពួកគាត់បានដាក់ពាក្យបណ្តឹងទៅមន្ទីរអប់រំខេត្តមណ្ឌលគិរី ដើម្បីឲ្យជួយដោះស្រាយ ប៉ុន្តែមកដល់ពេលនេះស្ងាត់ឈឹង ពោលគឺគ្មានដំណោះស្រាយអ្វីសោះឡើយ ដែលធ្វើឲ្យពួកគាត់អស់ជំនឿលើថ្នាក់ដឹកនាំខេត្ត។
លោកគ្រូអ្នកគ្រូបង្រៀនជាច្រើននាក់ នៅសាលាវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី បាននាំគ្នាផ្តិតមេដៃស្នើទៅរដ្ឋមន្ត្រីក្រសួងអប់រំ ជួយអន្តរាគមន៏ករណីលោក ឃុត តូ នាយកវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី អត្តនោម័តតែងតាំងគ្រូបង្រៀនម្នាក់ដែលជាបក្ខពួកខ្លួន ឲ្យកាន់តំណែងជានាយករងថ្មី បើទោះជាបុគ្គលរូបនោះមានអាកប្បកិរិយាមិនសមជាគ្រូបង្រៀនក៏ដោយ។
យោងលិខិតគោរពជូនរដ្ឋមន្ត្រីក្រសួងអប់រំ បានឲ្យដឹងថា លោក ប៊ុន បញ្ញា ត្រូវបានលោក ឃុត តូ ជានាយកវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី សម្រេចតែងតាំងជាអត្តនោម័តជានាយករងរដ្ឋបាលថ្មី ដោយគ្មានការសាកសួរយោបល់ពីបុគ្គលិក ឬបោះឆ្នោតតាមនីតិវិធីនោះឡើយ។ ម៉្យាងទៀត លោក ប៊ុន បញ្ញា ក៏មិនមែនជាប្រធានក្រុមបច្ចេកទេសរួម ហើយក៏មិនមែនជាប្រធានក្រុមបច្ចេកទេសមុខវិជ្ជាដែរ។ ផ្ទុយទៅវិញ លោក ប៊ុន បញ្ញា ជាបក្ខពួកជាដៃជើងជំនិតរបស់លោកនាយកសាលា ដែលជារឿយៗតែងបង្កបញ្ហាដល់សាលាទៀតផង។
លិខិតដដែលបានឲ្យដឹងទៀតថា កន្លងមកលោក ប៊ុន បញ្ញា តែងតែបានធ្វើបាបសិស្សតាមវិធីច្រើនរូបភាពដូចជា ៖
-ការប្រមូលលុយសិស្សរៀងរាល់ថ្ងៃធ្វើពលកម្ម (ថ្ងៃសៅរ៍)
-ចំពោះសិស្សដែលកត់មេរៀនមិនគ្រប់ ត្រូវពិន័យជាលុយ
-ការគំរាមកំហែងដល់សិស្ស (រហូតដល់សិស្សម្នាក់គ្រាន់តែលឺឈ្មោះក៏ភ័យ ហើយយំដែរ)
-ការដាក់ពិន័យសិស្សក្នុងសាលាឲ្យទៅធ្វើការនៅផ្ទះរបស់ខ្លួន( កាប់ដី ជូតផ្ទះ….)
-ពិន័យសិស្សដែលមិនបានមកគោរពទង់ជាតិព្រឹកថ្ងៃចន្ទ និងល្ងាចថ្ងៃសុក្រ ក្នុងម្នាក់ៗ៥០០០រៀល ករណីអវត្តមានម្តង។
-មានអាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យជាគ្រូ និងសិស្ស ពេលដែលលោកនាយកចាត់តាំងឲ្យឡើងជានាយករង។
-នៅពេលដែលសិស្សផ្ទេរចូលរៀនមិនបានធ្វើពលកម្មមុនថ្ងៃចូលរៀនត្រូវពិ័យជាលុយ ១ថ្ងៃ១មុឺនរៀល ឬ៥ពាន់រៀល។
-មានការរើសអើងចំពោះសិស្សដែលមានជីវភាពក្រីក្រ ឬជនជាតិដើមភាគតិច។
ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មានយើងនៅមិនទាន់ស្វែងរកការបកស្រាយពីលោក ឃុត តូ នាយកសាលាវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី នៅឡើយទេ៕