តាសូមចូលរួមអបអរសាទរដល់ចៅ គីមហុង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស “C”។ តាសប្បាយរីករាយ និងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ចៅ

តាសូមចូលរួមអបអរសាទរដល់ចៅ គីមហុង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស “C”។ តាសប្បាយរីករាយ និងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ចៅ

ខ្ញុំសូមជម្រាបជូនប្រវត្តិកុមារា ហ៊ឺ ទៀងគីមហុង ដោយសង្ខេប។ គីម ហុង កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០០៩ នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ សព្វថ្ងៃមានអាយុ ១៣ឆ្នាំ ឪពុកឈ្មោះ ហ៊ឺ ចាន់ជួង អាយុ ៥៦ឆ្នាំ មុខរបរជា បុគ្គលិកធនាគារចូលនិវត្តន៍ និងម្តាយឈ្មោះ នៅ សុភួង អាយុ ៥៤ឆ្នាំ មុខរបរជា គ្រូបង្រៀននៅនាយកដ្ឋានបណ្តុះបណ្តាលវិក្រឹតការភ្នំពេញ។ គីមហុង មានបងប្អូនប្រុស ០២នាក់ គឺឈ្មោះ អ៊ូ ស៊ាវហ្វុង អាយុ ២៨ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ភ្នំពេញ និងចៅ គីមហុង អាយុ ១៣ឆ្នាំ។ បច្ចុប្បន្ន គីមហុង រស់នៅផ្ទះ២៤អា ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីក្រុមគ្រួសារគឺនៅពេលដែល គីមហុង បានចាប់បដិសន្ធិឡើង គឺបានធ្វើអោយគ្រួសារសប្បាយរីករាយនិងមានភាពចម្រុងចម្រើន។ នៅពេល គីមហុង ដឹងក្តីគឺចេះរៀបអក្សរក្រមទាំងខ្មែរ និងអង់គ្លេស ចេះអានអក្សរ ពាក្យរាជសព្ទ បាលី សំស្រឹ្តត នៅអាយុ ២ឆ្នាំ និងចេះអានសារជូនពរខ្ញុំ និងសារចូលរួមរំលែកទុក្ខអតីតព្រះមហាក្សត្រសម្តេចព្រះ នរោត្តម សីហនុ នៅអាយុ ៣ឆ្នាំ ដោយគ្មានអ្នកណាបង្ហាត់បង្រៀនឡើយ គឺ គីមហុង ចេះអានដោយខ្លួនឯង។

នៅអាយុ ៧ឆ្នាំ គីមហុង បានចូលរៀនថ្នាក់ទី ៦ នៅសាលាបឋមសិក្សា ហ៊ុន សែន អនុវត្ត ខេត្តតាកែវ។ នៅទីនោះ គីមហុង ចេះអាន ចេះសរសេរ និយាយភាសាអង់គ្លេសបានល្អ និងចេះធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី៤ដល់ថ្នាក់ទី៧ ព្រមទាំងចេះស្រាវជ្រាវ និងពិសោធន៍ដោយមើលតាម Internet និងYoutube ។

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៧ ជំនួយការខ្ញុំលោក ដួង តារា បានជួប គីមហុង នៅភ្នំពេញ ដោយបានធ្វើតេស្តសមត្ថភាពដូចជាការអានសារជូនពរខ្ញុំ អានភាសាអង់គ្លេស និងធ្វើតេស្តលំហាត់គណិតវិទ្យាថ្នាក់ទី៤-ទី៧ និងប្រើប្រាស់កុំព្យូទ័រស្រាវជ្រាវឯកសារតាមបណ្តាញអ៊ីនធឺណែត Google។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ជំនួយការខ្ញុំបានចុះទៅជួប គីមហុង ផ្ទាល់មួយលើកទៀតនៅឯនិវេសនដ្ឋានគ្រូបង្រៀន សាលាគរុកោសល្យវិក្រឹតិការ ខេត្តតាកែវ ដោយបានធ្វើតេស្តសមត្ថភាព គីម ហុង លើគណិតវិទ្យាថ្នាក់ទី១០-ថ្នាក់ទី១២ ដែលនៅពេលនោះ គីមហុង មានអាយុត្រឹមតែ ៧ឆ្នាំប៉ុណ្ណោះអាចធ្វើលំហាត់បាន។

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ខ្ញុំបានជួប គីមហុង និងក្រុមគ្រួសារនៅផ្ទះខ្ញុំ ដោយបានអោយធ្វើតេស្ត គណិតវិទ្យា និងវិធីស្រាវជ្រាវវាស់ទីតាំងភូមិសាស្រ្តផែនទីនៅលើ Google map និង ឲ្យនិយាយ អង់គ្លេសជាមួយចៅស្រីខ្ញុំ។ ដោយមើលឃើញពីសមត្ថភាពខ្ពស់របស់ គីមហុង នៅខែសីហា ឆ្នាំ២០១៧ ខ្ញុំនិងក្រុមគ្រួសារបានធ្វើអំណោយផ្ទះមួយខ្នងនៅស្ទឹងមានជ័យដើម្បី គីមហុង មានឱកាសបន្តការសិក្សានៅភ្នំពេញ រួមទាំងប្រាក់ឧបត្ថម្ភប្រចាំឆ្នាំមួយចំនួនផងដែរ។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ គីមហុង បានទទួលអាហារូបករណ៍ចូលរៀនថ្នាក់ទី៨ នៅសាលា ប៊ែលធី អន្តរជាតិ សាខាទី៩ (ស្ទឹងមានជ័យ) រាជធានីភ្នំពេញនៅអាយុ ០៨ឆ្នាំ និងបានបន្តសិក្សាថ្នាក់ចំណេះទូទៅរហូតដល់ថ្នាក់ទី១២ ព្រមទាំងបានប្រឡងបាក់ឌុបកាលពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ គីមហុង ក៏បានទទួលអាហារូបករណ៍សិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ ចាប់ពីកម្រិតទី១ (Level 1) ដល់កម្រិតទី១២ (Level 12) ដែលមានការយកចិត្តទុកដាក់ពី លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងលោកនាយកសាខា ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិ ទី៩ (ស្ទឹងមានជ័យ)។ 

ចំពោះការសិក្សាថ្នាក់ចំណេះទូទៅ នៅក្នុងថ្នាក់រៀន គីម ហុង ត្រូវបានដាក់អោយសិក្សាជាមួយសិស្សដែលរៀនចប់ថ្នាក់ទី៧ ដែលមានចំណាត់ថ្នាក់ ពីលេខ១ ដល់លេខ៣ ហើយត្រូវឡើងថ្នាក់ទី៨ ដែលមានសិស្សសរុបចំនួន ២០នាក់។ ក្នុងការសិក្សា គីមហុង ទទួលបានចំណាត់ថ្នាក់ប្រចាំខែ ល្អប្រសើរលើគ្រប់មុខវិជ្ជា ជាពិសេស គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។

ដោយឡែក ផ្នែកភាសាអង់គ្លេស ចៅ គីមហុង ក៏បានធ្វើតេស្តជាប់ និងចូលរៀនថ្នាក់ភាសាអង់គ្លេសទូទៅចាប់ពីកម្រិតទី១ (Level 1) ដល់កម្រិតទី១២ (Level 12) ដោយសិក្សារយៈពេល ៦ឆ្នាំ។ បច្ចុប្បន្ន គីមហុង កំពុងសិក្សាកម្រិតទី១១ (Level 11) ដោយទទួលបានចំណាត់ថ្នាក់លេខ១ នៅគ្រប់វគ្គ ក្នុងចំណោមសិស្ស ៣០នាក់ និងបន្តទៅបញ្ចប់កម្រិតទី១២ (Level 12) នៃកម្មវិធីភាសាអង់គ្លេសទូទៅរបស់សាលា ប៊ែលធី អន្តរជាតិ ផងដែរ។

តាមការជួបធ្វើតេស្តដោយផ្ទាល់ជាមួយ គីមហុង រហូតបានប្រឡងជាប់បាក់ឌុបនៅអាយុ១៣ឆ្នាំ ៣ខែ ៦ថ្ងៃ ខ្ញុំអាចនិយាយបានថា ចៅគីម ហុង ជាមនុស្សទេព។ លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះច្រើននាក់ទេ។ គីម ហុង មានសមត្ថភាពច្រើនជាងខ្ញុំលើការប្រើកុំព្យួទ័រ និងភាសាអង់គ្លេស នេះជាការពិតមួយដែលខ្ញុំត្រូវតែទទួលយក។ លើសមត្ថភាពពិសេសនេះ យើងអាចធ្វើការប៉ាន់ស្មានវាយតម្លៃថាបើ គីមហុង ចូលសាកលវិទ្យាល័យនៅអាយុ ១៣ ឆ្នាំ គឺបញ្ចប់បរិញ្ញាបត្រនៅអាយុ ១៧ឆ្នាំ។ បើ គីម ហុង បន្តទៅអនុបណ្ឌិតគឺអាចបញ្ចប់នៅអាយុ ១៩ឆ្នាំ ហើយបើបន្តទៅថ្នាក់បណ្ឌិតគឺអាចបញ្ចប់នៅអាយុ ២៣ឆ្នាំ។ ប៉ុន្តែប្រសិនបើ គីម ហុង ជ្រើសរើមុខវិជ្ជាដែលខ្លួនពេញចិត្តរៀន ឬរៀនផ្លោះយកក្រេឌិត (Credit) គីម ហុង អាចបញ្ចប់ថ្នាក់បណ្ឌិតនៅអាយុតិចជាងនេះ។ 

ដូចតាបានបញ្ជាក់កាលពីឆ្នាំ ២០១៧ គឺតាទទួលរ៉ាប់រងទាំងអស់លើការឈានឡើងរបស់ចៅ គីម ហុង ហើយតាក៏សូមជូនពរចៅទទួលបានជោគជ័យក្នុងការសិក្សានិងនៅក្នុងជីវិត។ 

ទន្ទឹមនឹងនេះដែរ ខ្ញុំសូមចូលអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល និងចៅៗទាំងអស់ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស ហើយខ្ញុំក៏សូមអរគុណលោកគ្រូអ្នកគ្រូដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សអោយទទួលបាននូវលទ្ធផលល្អ និងសូមអរគុណដល់គណៈកម្មការរៀបចំការប្រឡង សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសដែលបានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងប្រកបដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង