នេះជាកាដូឆ្នាំថ្មី ដែលមិនអាចកាត់ថ្លៃបាន របស់តារាចម្រៀងនាង វីរះ និច្ច សម្រាប់ដំណឹងពីការពពោះកូនជាថ្មីម្តងទៀត បន្ទាប់ពីតារាចម្រៀងរូបនេះបានបាត់បង់កូនភ្លោះជាលើកដំបូង

នេះជាកាដូឆ្នាំថ្មី ដែលមិនអាចកាត់ថ្លៃបាន របស់តារាចម្រៀងនាង វីរះ និច្ច សម្រាប់ដំណឹងពីការពពោះកូនជាថ្មីម្តងទៀត បន្ទាប់ពីតារាចម្រៀងរូបនេះបានបាត់បង់កូនភ្លោះជាលើកដំបូង

ភ្នំពេញ ៖ តារាចម្រៀងក្នុងផលិតកម្មសាន់ដេរូបនេះ បានប្រកាសពីការពពោះកូនប្រុសរបស់នាង តាមរយៈបណ្តាញសង្គម ដែលគិតមកទល់នាពេលនេះ គឺមានអាយុ២០សប្តាហ៍ហើយ ខណៈពេលដែលនាង និងស្វាមីកំពុងសម្តែងក្តីសប្បាយរីករាយ សម្រាប់ចំណងដៃក្រោយអាពាហ៍ពិពាហ៍របស់ពួកគេនាពេលនេះ។
ចាត់ទុកថា នេះជាកាដូឆ្នាំថ្មីដែលមិនអាចកាត់ថ្លៃបាន របស់តារាចម្រៀងនាង វីរះ និច្ច សម្រាប់ដំណឹងពីការពពោះកូនជាថ្មីម្តងទៀត បន្ទាប់ពីតារាចម្រៀងរូបនេះបានបាត់បង់កូនភ្លោះជាលើកដំបូងរបស់ខ្លួនកាលពីអំឡុងដើមឆ្នាំ២០២២ ក្រោយចូលរោងការមានស្វាមី។
តាមរយៈរូបភាពជាច្រើនសន្លឹក ដោយនៅក្នុងនោះមានទាំងរូបភាពស្វាមីរបស់នាងឈរថតកាន់ពោះនាងក្នុងដំណើរកំសាន្តនាខេត្តមណ្ឌលគីរី ដែលត្រូវបាន វីរះ និច្ច បង្ហោះតាមបណ្តាញសង្គម។ ម្ចាស់បទ «សង្សារសុំបែក» រូបនេះ បានភ្ជាប់ជាមួយនឹងសំណេរយ៉ាងខ្លីថា «Welcome my small boy to the world (ស្វាគមន៍កូនប្រុសតូចមកកាន់ពិភពលោកមួយនេះ)»។


ក្រោយពីឃើញសំណេរ និងរូបភាពដែល វីរះ និច្ច បានបង្ហោះនាពេលនេះ គេសង្កេតឃើញមានមិត្តភក្តិ ជាពិសេសបណ្តាប្រិយមិត្តគាំទ្របាននាំគ្នាចូលខំមិនដោយម្នាក់ៗសម្តែងនូវការចូលរួមអបអរសាទរ ក្នុងពេលដែលកំពុងតែពពោះកូនជាថ្មីនាពេលនេះ។
ជាការកត់សម្គាល់ តារាចម្រៀងវ័យក្មេងក្នុងផលិតកម្មសាន់ដេ នាង វីរះ និច្ច បានសម្រេចចូលរោងការជាមួយបុរសរូបសង្ហា និងជាកូនអ្នករកស៊ីមួយរូប កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីអ្នកទាំងពីរបានរៀបចំពិធីភ្ជាប់ពាក្យប្រមាណជាង២ខែប៉ុណ្ណោះ។ ក្រោយពីរៀបការរួច វីរះ និច្ច ក៏បានប្រកាសពីការពពោះកូនភ្លោះលើកដំបូងរបស់នាងប្រាប់ដល់មហាជន ក្នុងពេលដែលនាង និងគ្រួសារហាក់បង្ហាញអារម្មណ៍រំភើប និងភ្ញាក់ផ្អើល ដោយមិននឹកស្មានថា កូនដំបូងរបស់នាងនាពេលនេះ គឺជាកូនភ្លោះនោះឡើយ។
នាងបន្តថា «កូនក្នុងផ្ទៃរបស់ខ្ញុំ (ភ្លោះ) មិនបាននៅជាមួយខ្ញុំទៀតទេ មូលហេតុមានដោយចៃដន្យ កូនមិនលូតលាស់»។ ក្រោយពេលបញ្ចេញសារដ៏គួឲ្យសោកស្តាយនេះ វីរះ និច្ច ក៏បានបញ្ជាក់ប្រាប់មហាជនតាមខំមិនថា ពេលនេះសុខភាពរបស់ខ្ញុំល្អធម្មតាទេ ហើយពេទ្យប្រាប់៣ខែទៀតនាងអាចនឹងយកកូនទៀតបានហើយ។ តាមរយៈដំណឹងពពោះកូនជាថ្មីរបស់ វីរះ និច្ច នាពេលនេះគេរំពឹងថា កូនរបស់នាង នឹងមានការលូតលាស់ និងសុខភាពល្អជាធម្មតារហូតដល់ថ្ងៃសម្រាល ដើម្បីទុកជាចំណងដៃនៃចំណងអាពាហ៍ពិពាហ៍រវាងនាង និងស្វាមីនាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង