ប្រយុទ្ធគ្នាយ៉ាងឃោរឃៅដោយប្រើប្រាស់កាំបិត រវាងពួកជនអន្ធពាល ចំនួន០២ក្រុម បានធ្វើឲ្យភាគីទាំង០២ រងរបួសរៀងៗខ្លួន រហូតជនខ្លះដាច់ដៃម្ខាង និងជនខ្លះទៀត បែកក្បាល តែលទ្ធផលចុងក្រោយ អ្នកចាញ់ចូលពេទ្យ រីឯអ្នកឈ្នះចូលគុក
ប្រយុទ្ធគ្នាយ៉ាងឃោរឃៅដោយប្រើប្រាស់កាំបិត រវាងពួកជនអន្ធពាល ចំនួន០២ក្រុម បានធ្វើឲ្យភាគីទាំង០២ រងរបួសរៀងៗខ្លួន រហូតជនខ្លះដាច់ដៃម្ខាង និងជនខ្លះទៀត បែកក្បាល តែលទ្ធផលចុងក្រោយ អ្នកចាញ់ចូលពេទ្យ រីឯអ្នកឈ្នះចូលគុក
ខេត្តបាត់ដំបង ៖ សង្គ្រាមរវាងក្រុមជនអន្ធពាលទាំង០២ក្រុមនេះ បានកើតឡើងនៅ យប់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២២ នៅចំណុច«បូរីងិនវិត» ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន តែភ្លាមៗកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនភាគីទាំង០២បានចំនួន០៣នាក់ និង ប៉ុន្មាននាក់ទៀតរត់ចោលស្រុកនាក់ ខណៈម្នាក់ដាច់ដៃម្ខាងចូលពេទ្យបានសម្រេច ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង០៣នាក់ រួមទាំងជនម្នាក់ដាច់ដៃម្ខាងកំពុងដេកពេទ្យផង គឺជាភាគីទាំង០២ដែលកាប់ចាក់គ្នា។ ភាគីម្ខាងដែលដាច់ដៃមានគ្នា០៤នាក់ រីឯម្ខាងទៀតដែលមានរបួសបែកក្បាលមានគ្នា០៥នាក់ ។ ពោលគឺ ពុំមានភាគីណាមួយជាភាគីរងគ្រោះទេ។
ក្រុមទី១ មានសមាសភាពចំនួន០៤នាក់ ១-ឈ្មោះជៀវ វី អាយុ៣៣ឆ្នាំ (ឃាត់ខ្លួន) ២-ឈ្មោះប៉ោ ពៅ អាយុ៣៦ឆ្នាំ របួសដាច់ប្រអប់ដៃម្ខាង ៣-ឈ្មោះ ខ្លី ភេទប្រុស អាយុប្រហែល៣២ឆ្នាំ នៅភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន (រត់គេចខ្លួន) និង៤-ឈ្មោះ ឡុង ឬ ខ្លុង ភេទប្រុស អាយុប្រហែល៣១ឆ្នាំ នៅភូមិវាល់វង់ ឃុំតាស្ដា (រត់គេចខ្លួន) រីឯក្រុមទី២ មានសមាសភាព០៥នាក់ ១-ឈ្មោះខែម សុខា ហៅ កាត់ អាយុ១៩ឆ្នាំ របួ.សរយះក្បាល (ឃាត់ខ្លួន) ២-ឈ្មោះផែន សម្បត្តិ អាយុ១៩ឆ្នាំ របួ.សម្រាមដៃស្ដាំ (ឃាត់ខ្លួន) ៣-ឈ្មោះ ប៉ាវ ប្រុសអាយុ១៨ឆ្នាំ នៅភូមិវាលវង់ ឃុំតាស្ដា (រត់គេចខ្លួន) និងចំនួន០២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ កំពុងរត់ចោលស្រុកដែរ ។
ក្រុមជនអន្ធពាល០២ក្រុមនេះ បើតាមសាក្សីបាននិយាយថា នៅយប់កើតហេតុ ជាយប់ឆ្លងឆ្នាំសកល ២០២២-២០២៣។ មនុស្សម្នាជាច្រើន បាននាំគ្នាទៅបោះតង់ និង ប្រមូលផ្ដុំគ្នាផឹកស៊ីនៅទីនោះរង់ចាំឆ្លងឆ្នាំថ្មី ។ គ្រានោះគេឃើញក្រុមជនពាលទាំង០២ភាគី បានអង្គុយផឹកក្បែរគ្នា ។ លុះពេលស្រវឹងមើលមុខគ្នា និងនិយាយឌឺដងគ្នាទៅវិញទៅមក ខណៈជិតដល់ម៉ោងឆ្លងឆ្នាំទៅហើយ ក៏ផ្ទុះសង្គ្រាមប្រាវតែម្ដង ។
បើតាមសកម្មភាពជាក់ស្ដែង គេឃើញភាគីដាច់ដៃម្ខាងមានគ្នា០៤នាក់ ជាអ្នកស្ទុះទៅវាយភាគីមានគ្នា០៥នាក់ មុន ដោយប្រើកាំបិតខ្វែវកាប់យ៉ាងសាហាវ ។ លុះភាគី០៥នាក់តបតវិញរបួសធ្ងន់តែម្ដង ហើយសមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនភាគីទាំង០២បានចំនួន០៣នាក់ ។
ក្រោយធ្វើការឃាត់ខ្លួន ភាគីទាំង០២នាក់បានដាក់បណ្ដឹងចោទប្រកាន់គ្នាទៅវិញទៅមក តែបើតាមសកម្មភាពច្បាំងគ្នាជាក់ស្ដែង ពួកគេបានកាប់គ្នាទៅវិញទៅមក ដែលផ្ដើមចេញពីរឿង «ផឹកស៊ីមើលមុខគ្នា» ។ មន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធីហើយ ហើយក៏កំពុងតាមចាប់ខ្លួនជនប៉ុន្មាននាក់ទៀត ដែលកំពុងគេចខ្លួនដែរ ៕