បរិស្ថាន និងការតុបតែងរាជធានីភ្នំពេញ

លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យ អាជ្ញាធរ ខណ្ឌ ទាំង១៤ កងកម្លាំងមានសមត្ថកិច្ច ចំណុះឱ្យគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងការតុបតែងរាជធានីភ្នំពេញ


ភ្នំពេញ៖ ការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បែបនេះ បានធ្វើឡើង នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការត្រួត ពិនិត្យវឌ្ឍនភាព ការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីទ្បា អាស៊ីអាគ្នេយ៍ លើកទី៣២ និងកីទ្បាជនពិការប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យ អាជ្ញាធរ ខណ្ឌ ទាំង១៤ កងកម្លាំងមានសមត្ថកិច្ច ចំណុះឱ្យគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងការតុបតែងរាជធានីភ្នំពេញ ឱ្យកាន់តែ មានសោភ័ណភាព ពិសេសគឺការបង្កលក្ខណៈងាយស្រួល ឱ្យក្រុមហ៊ុនតំឡើង LED ទាំង៧ទីតាំង ដែលទទួលការផ្សាយផ្ទាល់ ពីការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ ឱ្យបានល្អ ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា សម្រាប់អាជ្ញាធរខណ្ឌទាំង ១៤ មន្ទីរពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាឱ្យបានល្អ នូវអនាម័យ បរិស្ថាន ដើម្បីឱ្យរាជធានីភ្នំពេញ នៅតែមានសោភ័ណភាពស្អាតជានិច្ច។ បន្ថែមពីនេះទៀត សម្រាប់អាជ្ញាធរខណ្ឌ ត្រូវបង្កលក្ខណៈងាយស្រួល ឱ្យក្រុមហ៊ុនតំឡើង LED ទាំង ៧ ទីតាំង ដែលទទួលការផ្សាយផ្ទាល់ ពីការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ ឱ្យបានល្អ ជាមួយនឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅទីតាំងទាំង ៧ ឱ្យបានល្អផងដែរ។


លោក ឃួង ស្រេង បានបន្តទៀតថា ការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ មានការប្រកួតចំនួន ១៥ ថ្ងៃ ដូច្នេះយើង ត្រូវរៀបចំវេនប្រចាំការ ឱ្យបានច្បាស់លាស់ ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ នៅតាមទីតាំង ចំនួន៧ ដើម្បីឱ្យប្រជាពលរដ្ឋ បានទស្សនា ក្នុងនោះរួមមាន៖
១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ២-សួនច្បារមាត់ទន្លេ ទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ ៣-ក្នុងបុរីប៉េងហួត បឹងស្ងោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ៤-ស្ងួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុង សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ ៥-សូនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ ។ ៦-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
គួរបញ្ជាក់ទៀតថា កម្មវិធីពិធីដង្ហែព្រះអគ្គិជ័យកីឡា ពីតំបន់អាស៊ាននេះ ត្រូវចូលមក ព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល-ណងណុក ឈៀន ខេត្តស្ទឹងត្រែង ដោយនៅល្ងាចថ្ងៃទី២៨ ខែមេសា ស្អែកនេះ ក្បួនដង្ហែព្រះអគ្គិ ជ័យកីឡានេះ នឹងមកដល់ផ្សារព្រែកអញ្ចាញស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល រដ្ឋបាលរាជធានីភ្នំពេញ រង់ចាំទទួលស្វាគមន៍ នៅស្ពានទី១២នោះ ដើម្បីដង្ហែមក វេទិកា នៅរមណីយដ្ឋានវត្តភ្នំ ។ បន្ទាប់ពីប្រារព្ធពិធីនៅវត្តភ្នំរួច អភិបាលរាជធានី ភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដង្ហែព្រះអគ្គិជ័យកីឡា ពីចំណុចរមណីយដ្ឋាន វត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្ក ព្រះកុសុមារាម ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ ។ លុះព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា ត្រូវដង្ហែពីវត្តលង្កា ព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ប្រគល់ព្រះអគ្គិជ័យកីឡា ជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដង្ហែព្រះអគ្គិជ័យ កីឡាពីវិមានឯករាជ្យ ឆ្ពោះទៅមុខស្ថានទូតសិង្ហបុរី ហើយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បន្តប្រគល់ជូន បេសកជនពិសេស CAMSOC និងបន្តប្រគល់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដង្ហែបណ្តាក់ព្រះអគ្គិជ័យកីឡានេះ ចេញពីមុខ ស្ថានទូតសិង្ហបុរី ឆ្ពោះទៅដល់មុខអង្គភាពប្រឆាំងអំពើពុករលួយ ទើបប្រគល់ជូន តំណាង CAMSOC និងបន្តប្រគល់ជូន តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភ ទាំង១៤ ដង្ហែមករមណីយដ្ឋានវត្តភ្នំ តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភចុងក្រោយ ប្រគល់ត្រលប់ មកជូន តំណាង CAMSOC ដើម្បីប្រគល់ជូន កីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះ ទៅកាន់ខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ ៕

អត្ថបទដែលជាប់ទាក់ទង