ប្រធានរដ្ឋឡាវ អញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៣ថ្ងៃ និងចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២

ប្រធានរដ្ឋឡាវ អញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៣ថ្ងៃ និងចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២


(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ថងលុន ស៉ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមករាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤ ដល់ទី០៦ ខែឧសភា ឆ្នាំ២០២៣ ព្រមទាំងចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២។ នេះបើតាមការប្រកាស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញ ទទួលបាន។
ទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវ ធ្វើឡើងតបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកបណ្ឌិត ថងលុន ស៉ីសុលីត នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។
លោកបណ្ឌិត ថងលុន ស៉ីសុលីត ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។
លោកបណ្ឌិត ថងលុន ស៉ីសុលីត និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីការធ្វើឱ្យស៉ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាក្តីបារម្ភរួម។
លោកបណ្ឌិត ថងលុន ស៉ីសុលីត នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ថងលុន ស៉ីសុលីត នឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២ នៅពហុកីឡាដ្នានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ពីថ្ងៃទី ០៥ ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកបណ្ឌិត ថងលុន ស៉ីសុលីត មកកាន់កម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង