ស៊ីហ្គេម ២០២៣៖ កីឡាករ-កីឡាការិនីគុនខ្មែរ ៥រូប ឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមមេដាយមាសជូនជាតិ
ស៊ីហ្គេម ២០២៣៖ កីឡាករ-កីឡាការិនីគុនខ្មែរ ៥រូប ឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមមេដាយមាសជូនជាតិ
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នំា២០២៣នេះ កីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរ ៥រូប បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្រោយទម្លាក់គូប្រកួតរៀងៗខ្លួន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺមានកីឡាករ ឡៅ ចិត្រា, ហ៊ឹម គឹមរៀង, ខាំ ខ្លានាង, កីឡាការិនី ម៉ើយ ស៊ឹង និងកីឡាការិនី ទួន ស្រីពីន ។
ចំពោះលទ្ធផលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃនេះ គឺកីឡាករ ឡៅ ចិត្រា បានផ្ដួលកីឡាករម៉ាឡេស៊ី Athachai Saiphawat Kiang ត្រឹមទឹកទី១ ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម គ្រាដែលកីឡាករ ហ៊ឹម គឹមរៀង បានផ្ដួលកីឡាករមីយ៉ាន់ម៉ា Hein Thu Aung ត្រឹមទឹកទី២ ទម្ងន់ ៥៤គីឡូក្រាម និងកីឡាករ ខាំ ខ្លានាង យកឈ្នះកីឡាករឡាវ Somboun Banxadeth ដោយពិន្ទុ ទម្ងន់ ៥១គីឡូក្រាម ។ រីឯកីឡាការិនីវិញ មើយ សឹង បានយកឈ្នះកីឡាការិនីហ្វីលីពីន Zyra Gados Bon-As ដោយពិន្ទុ ទម្ងន់ ៥១គីឡូក្រាម និង ទួន ស្រីពីន ឈ្នះកីឡាការិនីឡាវ Cuangchay Thalengliep ដោយពិន្ទុ ទម្ងន់ ៥៧គីឡូក្រាម ។
សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនារសៀលថ្ងៃទី១០ ខែឧសភា ដោយដៃគូប្រជែងមេដាយមាសជាមួយអ្នកលេងគុនខ្មែរទាំង ៥រូប រួមមានកីឡាករ ឡៅ ចិត្រា ជួបកីឡាករវៀតណាម Chau Dat Nguyen ។ កីឡាករ ហ៊ឹម គឹមរៀង ជួបកីឡាករឡាវ Soukna Keothatalath ។ កីឡាករ ខាំ ខ្លានាង ជួបកីឡាករវៀតណាម Le Cong Nghi ។ កីឡាការិនី មើយ ស៊ឹង ជួបកីឡាការិនីវៀតណាម Trieu Thi Phuong Thuy និងកីឡាការិនី ទួន ស្រីពីន ជួបកីឡាការិនីវៀតណាម Bui Yen Ly ដូចគ្នា ៕