លោក ឃួង ស្រេង អភិបាលរាជធានី៖ ត្រូវពង្រឹងបន្ថែមទៀត លើកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឱ្យទទួលជោគជ័យជូនជាតិ

ភ្នំពេញ៖ ការណែនាំឱ្យមានការពង្រឹងបន្ថែមលើការងារនេះ បានធ្វើឡើង នារសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំត្រៀមបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំង ២ប្រភេទ។
ខណៈដែលកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ មានប្រជាពលរដ្ឋ ចូលរួមលើសពីការកំណត់ ទាំងក្នុង និងក្រៅ ពហុកីឡដ្ឋានជាតិមរតកតេជោ អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឱ្យ មានការពង្រឹងបន្ថែមទៀត លើកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅថ្ងៃបិទ ព្រឹត្តិការណ៍ប្រកួតកីឡានេះ ដើម្បីធ្វើយ៉ាងណា ឱ្យព្រឹត្តិការណ៍ នាថ្ងៃទី១៧ ឧសភា នេះ ដំណើរការទៅដោយរលូននិងទទួលជោគជ័យ ជូនជាតិ ។


លោក ឃួង ស្រេង បានលើកឡើងថា កិច្ចការងារ ការពារសន្តិសុខ ជារឿងសំខាន់ ដែលយើងទាំងអស់គ្នា ក្នុងនាមអាជ្ញាធរ មានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ បើទោះបី កាលពីថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡានេះ យើងទទួលបានជោគជ័យ និងទទួលបានការកោតសរសើរ ពីគ្រប់មជ្ឈដ្ឋានយ៉ាងណាក៏ដោយ ។ បន្ថែមពីនេះ សម្រាប់ការរៀបចំផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី ៣២ ទាំង៧ទីតាំង ក៏ត្រូវតែរៀបចំឡើង ឱ្យកាន់តែល្អជាងមុន ដើម្បីឱ្យប្រជាពលរដ្ឋ បានទស្សនាកំសាន្ត។
កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់ ទាំងក្នុងនិងក្រៅ ពហុកីឡដ្ឋានជាតិមរតកតេជោ នេះផងដែរ ដោយសារតែមានប្រជាពលរដ្ឋ បានទៅ ចូលរួមទស្សនា លើសពីការកំណត់ ដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមទុកជាមុន ឱ្យរួចរាល់។
លោកឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃបើកកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និង ប៉ារ៉ាហ្គេម លើកទី១២ មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ ទាំងក្នុងនិងក្រៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយនៅខាងក្នុង កំណត់ត្រឹម ៥ម៉ឺននាក់ឡើង ដល់ប្រមាណ ៦ម៉ឺននាក់ ខាងក្រៅស្តាត ប្រមាណ ២ ម៉ឺនទៀត សរុបប្រមាណ ៨ ម៉ឺននាក់ ។ តែសម្រាប់ថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២នេះ អាចនឹងមានអ្នកចូលរួមច្រើនជាងពេលបើក ។ ដូច្នេះយើងត្រូវតែពង្រឹងបន្ថែម ទៅតាមការណែនាំរបស់ លោកអភិបាលរាជធានី ទាំងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីឱ្យព្រឹត្តិការណ៍ នាថ្ងៃទី១៧ ឧសភា ខាងមុខនេះ ដំណើរការទៅដោយរលូន និងទទួលជោគជ័យ ជូនប្រទេសជាតិរបស់យើង។
គួរបញ្ជាក់ថា នៅថ្ងៃទី១៧ ខែឧសភា ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ ៕

អត្ថបទដែលជាប់ទាក់ទង