សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ក្រោយដំណើរទទួលបានជោគជ័យប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រ
(ភ្នំពេញ)៖ ពិធីបិទការប្រកួតស៊ីហ្គេមដ៏មហោឡារិកនៅកម្ពុជានេះ ក៏នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង១១ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ មហាជនសរុបប្រមាណជា ៦ម៉ឺននាក់។
បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញប្រកបដោយក្តីរីករាយ និងភាតរៈអស់រយៈប្រមាណ១៦ថ្ងៃ ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ក្នុងរយៈពេល៦៤ឆ្នាំ បានបិទបញ្ចប់ទាំងស្រុងហើយ។ ពិធីបិទព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេមដែលរៀបចំរៀងរាល់ពីរឆ្នាំម្តងនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ព្រឹត្តិការណ៍បិទស៊ីហ្គេមនៅល្ងាចថ្ងៃនេះ នឹងប្រព្រឹត្តទៅជាមួយរបៀបវារៈជាច្រើនរួមមាន៖ ការអុជកាំជ្រួចអបអរសាទរ, សិល្បៈចម្រៀងកីឡា, ទស្សនីយភាពមហាព្រលឹងក្បាច់គុនល្បុក្កតោ, ដង្ហែក្បួនប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងអ្នកស្ម័គ្រចិត្ត, បង្ហូតចុះទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដល់ប្រទេសថៃ ជាម្ចាស់ផ្ទះបន្ទាប់, ទស្សនីយភាពសម្តែង និងវីដេអូផ្សព្វផ្សាយរបស់ថៃ, សិល្បៈចម្រៀង «VICTORY FOR ALL», សិល្បៈចម្រៀង «CAMBODIAN PRIDE»…។
បន្ទាប់ពីខកខានអស់ជាច្រើនដងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមក្នុងរយៈពេលប្រមាណ ៦៤ឆ្នាំ ព្រោះតែវិបត្តិនៃភ្លើងសង្គ្រាម និងតម្រូវការកសាងប្រទេសពីភ្លើងសង្គ្រាមឡើងវិញនោះ កម្ពុជាបានសម្រេចបំណង និងមហិច្ឆតារបស់ខ្លួនទទួលរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះ។ ការប្រកួតត្រូវបានចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ហើយពិធីបើកការប្រកួតជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា។
ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេលប្រមាណជា ១៦ថ្ងៃ ជាលទ្ធផលកីឡាករ កីឡាការិនីមកពីប្រទេសវៀតណាមឈរលេខរៀងទី១ ជាមួយមេដាយសរុប៣៥៥ (មាស ១៣៦, ប្រាក់ ១០៥, សំរឹទ្ធ ១១៤), ប្រទេសថៃ ឈរលេខរៀងទី២ ជាមួយមេដាយសរុប៣១២ (មាស ១០៨, ប្រាក់ ៩៦, សំរឹទ្ធ ១០៨), ប្រទេសឥណ្ឌូនេស៊ី ឈរលេខរៀងទី៣ ជាមួយមេដាយសរុប២៧៦ (មាស ៨៧, ប្រាក់ ៨០, សំរឹទ្ធ ១០៩)។ ដោយឡែកកម្ពុជាជាម្ចាស់ផ្ទះ ឈរនៅលេខរៀងទី៤ ជាមួយមេដាយសរុប២៨២ (មាស ៨១, ប្រាក់ ៧៤, សំរឹទ្ធ ១២៧), ហ្វីលីពិន ឈរលេខរៀងទី៥ ជាមួយមេដាយសរុប២៦០, សិង្ហបុរី ឈរលេខរៀងទី៦ ជាមួយមេដាយសរុប១៥៧, ម៉ាឡេស៊ី ឈរលេខរៀងទី៧ ជាមួយមេដាយសរុប១៧៦, មីយ៉ាន់ម៉ា ឈរលេខរៀងទី៨ ជាមួយមេដាយសរុប១១៤, ឡាវ ឈរលេខរៀងទី៩ ជាមួយមេដាយសរុប៨៨, ព្រុយណេ ឈរលេខរៀងទី១០ ជាមួយមេដាយសរុប៩ និងប្រទេសទីម័រខាងកើត ឈរលេខរៀងទី១១ ជាមួយមេដាយសរុប៨។
បើទោះបីស៊ីហ្គេមត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា តែក្រោមស្មារតីតែមួយ គឺ «ដើម្បីជាតិ» បានធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ និងប្រកបដោយមោទនភាពជាទីបំផុតសម្រាប់កម្ពុជា។ មិនត្រឹមតែអាចរៀបចំព្រឹត្តិការណ៍ប្រកួតដោយជោគជ័យនោះទេ តែកម្ពុជា ក៏បានបំបែកកំណត់ត្រាក្នុងការរកមេដាយបានច្រើនបំផុតក្នុងប្រវត្តិកីឡាស៊ីហ្គេមនេះផងដែរ។
ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្ពស់ ហើយក៏បានបន្សល់នូវអនុស្សាវរីយ៍ល្អជាច្រើនសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាស្មារតីកីឡាស៊ីហ្គេម។
លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាពលេចធ្លោរជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះអគ្គិជ័យកីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយកថ្លៃសំបុត្រចូលទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូកីឡាជាដើម។
លោក ថោង ខុន បានរំលឹកថា ការប្រកួតស៊ីហ្គេមនៅកម្ពុជានេះ ក៏ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ទាំងចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើម។
លោក ថោង ខុន បានអះអាងថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក៏ទទួលបានការ ចាប់អារម្មណ៍ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែខ្ទរខ្ទារ។ ជាពិសេស បានរួមចំណែកផ្សព្វផ្សាយកម្ពុជាកាន់តែច្រើនទៅកាន់ឆាកអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីសុីហ្គេមលើកទី២០ ឆ្នាំ១៩៩៩ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ជាមួយនឹងសូន្យមេដាយ។
សុីហ្គេមលើកទី៣២ឆ្នាំ២០២៣កម្ពុជាទទួលបានមេដាយសរុប២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន។
សម្តេចតេជោ បានចាត់ទុកសមិទ្ធិផលនេះ ជារបស់ប្រជាជាតិកម្ពុជាទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ និយាយជារួម និងក្នុងវិស័យកីឡា
និយាយដោយឡែក។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ រូបលោកពិតជាមានមោទនភាព និងសូមកោតសរសើរក្រុមការងារទាំងអស់ គ្រប់ផ្នែក គ្រប់ទីតាំង ដែលសុទ្ធតែបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ក៏ដូចជាធនធានផ្ទាល់ខ្លួន។ ក្នុងនោះ ក៏មានក្រុមយុវជនស្ម័គ្រចិត្ត ដែលហាក់បីដូចជាសរសៃឈាមគ្រប់ច្រកល្ហកក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ តាំងពីមុនថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់។
លោក ហ៊ុន ម៉ានី សូមថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសពាក់ព័ន្ធជាច្រើនផ្សេងទៀត ដែលបានចូលរួមក្នុងបេសកកម្មដ៏អស្ចារ្យមួយនេះ។ ជាពិសេសកងកម្លាំងគ្រប់ជាន់ថ្នាក់ដែលបានការពារសេចក្តីសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនអ្នកអត្តពលិក អ្នកចូលរួម និងមិត្តបរទេសមកកាន់កម្ពុជាប្រកបដោយភាតរភាព សេចក្តីសុខ និងភាពសប្បាយរីករាយលើសពីការប្រកួត។
លោកបន្តថា ការចូលរួម របស់អ្នកទាំងអស់គ្នាពិតជាបានរួមចំណែកដល់ការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើសទី៣២ ឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ ក្នុងស្មារតី ខ្មែរធ្វើបាន៕