កីឡាករបាល់ទាត់ជម្រើសជាតិថៃ ដែលបង្ករឿងថ្នាំងថ្នាក់ និងសាងនូវអំពើ ពុំគប្បី បន្ទាប់ពីបានបោះគ្រវែងចោល នូវមេដាយប្រាក់ និងតុក្កតា ស៊ីហ្គេម ក្រោយចាញ់ ឥណ្ឌូណេស៊ី រួចមកនោះ ត្រូវបានរិះគន់ពីសំណាក់ពលរដ្ឋកម្ពុជា និងពលរដ្ឋថៃ
ភ្នំពេញ៖ កីឡាដែលបង្កើតរឿង រកស្មានមិនដល់ ហើយនឹងត្រូវបានជះគំរូយ៉ាងអាក្រក់ ដល់ក្រុម កីឡាជម្រើសជាតិប្រទេសថៃ រូបនេះ គឺលោក ជូណាថាន ខេមឌី (Jonathan Khemdee) ដែលជាខ្សែការពារ ពាក់អាវលេខ៤ និងជាប្រធានក្រុមជម្រើសជាតិថៃ ផងនេះ ត្រូវបានកាសែតថៃ មួយចំនួន ចុះផ្សាយពីការរិះគន់ និងបង្ហាញការមិនពេញចិត្ត ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។
កីឡាករបាល់ទាត់ជម្រើសជាតិថៃ ដែលបង្ករឿងថ្នាំងថ្នាក់ និងសាងនូវអំពើ ពុំគប្បី បន្ទាប់ពីបានបោះគ្រវែងចោល នូវមេដាយប្រាក់ និងតុក្កតា ស៊ីហ្គេម ក្រោយចាញ់ ឥណ្ឌូណេស៊ី រួចមកនោះ ត្រូវបានរិះគន់ពីសំណាក់ពលរដ្ឋកម្ពុជា យ៉ាងខ្លាំងក្លា ។
សូមបញ្ជាក់ថា ជូណាថាន ខេមឌី អាយុ ២១ ឆ្នាំ ជាជនជាតិថៃ កាត់ដាណឺម៉ាក បានជាប់ជាក្រុមជម្រើសជាតិថៃ U23 ដែលប្រភពខ្លះ បានឱ្យដឹងថា ត្រូវបានប្រទេសថៃ ខ្ចីជើងមកប្រកួត នៅ ស៊ីហ្គេម២០២៣ នៅកម្ពុជា នេះតែប៉ុណ្ណោះ។
ជូណាថាន ខេមឌី កីឡាបាល់ទាត់ថៃ ត្រូវបានអាជ្ញាកណ្តាល ឱ្យកាតក្រហម ហើយ ត្រូវបានបណ្តេញចេញក្នុងម៉ោងបន្ថែម ក្នុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងថៃ- ឥណ្តូណេស៊ី កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ អ្វីដែលគេហួសចិត្ត គឺ ជូណាថាន ខេមឌី រូបគេ បានដើរចូលយក តុក្កតាពីដៃគណៈកម្មាធិការរៀបចំប្រកួត ដោយខ្លួនឯង និងកាន់តែអាក្រក់ធ្ងន់ធ្ងរជាងនេះ គឺកីឡាបាល់ទាត់រូបនេះ បានគ្រវែង មេដៃប្រាក់ និងរូបតុក្កតា ចោលឱ្យទៅដល់ទស្សនិកជន ពេលប្រកួតចាញ់ក្រុមជម្រើស ជាតិ ឥណ្ឌូណេស៊ី យ៉ាងជូរចត់ ៥ទល់នឹង២ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក។
បន្ទាប់ពីកើតរឿងអាស្រូវ និងគួរឱ្យអាម៉ាស់ ដែលប្រព្រឹត្តិឡើង ដោយកីឡាករថៃ រូបនេះរួចមក គេឃើញក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់ពលរដ្ឋថៃ មួយចំនួន ក៏បានចាត់ទុកកីឡាកររូបនេះថា អត់សុជីវធម៌ និងគួរឱ្យស្អប់ខ្ពើមបំផុត។
ទាក់ទិនក្នុងរឿងនេះដែរ កាសែតរបស់ថៃមួយឈ្មោះ សានុក (SANOOK) បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ថា លោក ជូណាថាន ខេមឌី បានធ្វើការបង្ហោះសារ ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនថា រូបគេនឹងលាឈប់ពីក្រុមជម្រើស ជាតិថៃ បន្ទាប់ពីបញ្ចប់ការប្រកួត ជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា នេះទៅ។
កីឡាករជម្រើសជាតិថៃរូបនេះ បានបញ្ជាក់ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនថា ”សួស្តីមិត្តភក្តិទាំងអស់! ការប្រកួតលើកនេះ គឺជាលើកចុងក្រោយរបស់ក្រុមជម្រើស ជាតិថៃរបស់ខ្ញុំហើយ។ ខ្ញុំសុំអរគុណមិត្តទាំងអស់គ្នា ដែលបានគាំទ្រ, តាមដានខ្ញុំ និងផ្តល់កម្លាំងចិត្តដល់ខ្ញុំ រៀងរហូតមក”។
កីឡាករដែលត្រូវបានគេចាត់ទុកថា មានចរិកកោងកាចរូបនេះ បានបញ្ជាក់បន្ថែមថា ”ខ្ញុំសង្ឃឹមថា នឹងដណ្តើមមេដាយមាស ដល់គ្រប់គ្នា ក្នុងប្រទេសថៃ ឱ្យបានបាទ! និងវាក៏ជាការប្រកួតណាត់ចុងក្រោយរបស់ខ្ញុំ ដល់ក្រុមជម្រើសជាតិថៃដែរ។ បេះដូងខ្ញុំ នៅជាមួយជនជាតិថៃជានិច្ច និងចាប់តាំងតែពីដំបូង ដែលប្រកួតជាមួយ ម៉ុងហ្គោលី ខ្ញុំបានលះបង់ខ្លួនឯង ១០០ ភាគរយ ដើម្បីធ្វើឱ្យគ្រួសាររបស់ខ្ញុំ និងមិត្តៗ ជាទស្សនិកជន ស្រឡាញ់ពេញចិត្តដល់ខ្ញុំ រៀងរហូតមក”។
កាសែតថៃមួយនេះ បានបញ្ជាក់បន្ថែម ក្នុងសេចក្តីរាយការណ៍តាមអនឡាញរបស់ ខ្លួនដែរថា កីឡាករបាល់ទាត់កាត់ថៃ ដាណឺម៉ាករូបនេះ លេងឱ្យក្លិប រ៉ាចបូរី FC ក្នុ ងប្រទេសថៃ បន្ទាប់ពីរូបគេបានប្តូរពីលីគមួយ នៅប្រទេសដាណឺម៉ាក រួចមក៕