ដំណាំមង្ឃុត មានអាយុវែង ធន់នឹងអាកាសធាតុ ងាយស្រួល ថែទាំ ហើយដើមរឹតតែចាស់ ផ្លែកាន់តែធំល្អថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ ខុសពីផ្លែឈើផ្សេងៗ

កំពត: ឆ្នាំនេះ ដំណាំមង្ឃុត នៅតំបន់ទឹកឈូ ផ្ដល់ផលបានច្រើន ជាងបណ្ដាឆ្នាំមុនៗ។
អ្នកស្រី ជា មួយ ម្ចាស់ចម្ការទុរេន និងមង្ឃុត នៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់ឱ្យដឹងថា ដំណាំមង្ឃុត ងាយថែជាងទុរេន ហើយធន់នឹងអាកាសធាតុទៀតផង។ ដើមមង្ឃុតខ្លះ មានអាយុរហូតដល់ជាង ១០០ ឆ្នាំឯណោះ។
ម្ចាស់ចម្ការ បានបន្តថា ដើមមង្ឃុត កាន់តែចាស់ ផ្លែរឹតតែធំ និងប្រកបដោយរសជាតិ ឆ្ងាញ់ពិសា។ សម្រាប់ដំណាំមង្ឃុត នៅតំបន់ទឹកឈូ បានដាំ តាមលក្ខណៈធម្មជាតិ សុទ្ធសាធ ពោលគឺ មិនប្រើជីគីមី ឬថ្នាំបាញ់ឱ្យចេញផ្កា ដើម្បីបានផ្លែច្រើននោះឡើយ។

តាមការកត់សម្គាល់ ជាក់ស្ដែង ឆ្នាំនេះ មង្ឃុត ផ្លែច្រើន ជាងបណ្តាឆ្នាំមុនៗ។ សូម្បីក្នុងចម្ការអ្នកស្រីស្ទើរតែបេះមិនទាន់ផង។
កសិកររូបនេះ បានប្រាប់ឱ្យដឹងផងដែរថា មង្ឃុត តំបន់ទឹកឈូ មានរសជាតិជូរអែម ឆ្ងាញ់ ហើយមិនមានផ្លែខុសរដូវទេ។ រដូវប្រមូលផលមង្ឃុត មានរយៈពេល ៣ សប្តាហ៍ ទៅ១ខែ គឺចាប់ផ្តើមពីពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្ដាលខែមិថុនា។
តាមរបាយការណ៍របស់មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម ខេត្តកំពត បានបញ្ជាក់ថា មង្ឃុត ជាដំាណាំលក្ខណៈគ្រួសារ មិនបានរាប់បញ្ចូល ក្នុងដំណាំយុទ្ធសាស្ត្រទេ ព្រោះដំណាំនេះ ត្រូវបានកសិករ ដាំលាយឡំជាមួយដំណាំទុរេន។ នៅតំបន់ទឹកឈូ ក្នុងមួយចម្ការៗ មានដំណាំមង្ឃុត តែ ៥ ដើម ទៅជាង ២០ ដើមប៉ុណ្ណោះ។ ដើមមង្ឃុត ទាំងនោះ ភាគច្រើន បន្សល់ទុកពីដូនតា ឬឪពុកម្តាយពោលគឺ មិនសូវមានដាំដុះថ្មីទេ៕

អត្ថបទដែលជាប់ទាក់ទង