មិនដឹងថា តើមានរឿងអ្វីកើតឡើងនោះទេ? បានធ្វើឱ្យអ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន សម្ដែងការភ្ញាក់ផ្អើល
ភ្នំពេញ ៖ ដំណឹងមួយនេះ បង្កឱ្យមានការភ្ញាក់ផ្អើលពីមួយទៅមួយ និងមានការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីក៏នៅសុខៗត្រូវដកចេញបែបនេះទៅវិញ? សម្ដែងការភ្ញាក់ផ្អើល ក្រោយឃើញគណនីផេក Miss Grand Cambodia ប្រកាសដកកញ្ញា កែវ ស្រលីន ចេញពីការប្រកួត។
កញ្ញា កែវ ស្រីលីន ត្រូវជាបេក្ខភាពមួយរូបនៅក្នុងការប្រកួតសម្រស់កញ្ញាឯក នៃ Miss Grand Cambodia តំណាងខេត្តកំពត បែរជាត្រូវស្ថាប័ន MGC ចេញមុខមកបើកបង្ហាញ និងប្រកាសដកសិទ្ធិជាបេក្ខភាពប្រកួតផ្លូវការទៅវិញ។ ហើយនេះដោយសារតែមានមូលហេតុចំនួន២ចំណុច ដែលត្រូវធ្វើឱ្យខាងស្ថាប័ន MGC ប្រកាសដកសិទ្ធិកញ្ញា កែវ ស្រលីន ដូច្នេះ។
យោងទៅតាមរយៈគណនីផេករបស់ Miss Grand Cambodia បានចេញមុខមកនិយាយប្រកាសក្ដែងៗជាសាធារណៈឱ្យមហាជន ក៏ដូចជាពុកម៉ែបងប្អូនអោយបានដឹង ដោយបង្ហោះរូបរបស់កញ្ញា កែវ ស្រីលីន មួយសន្លឹក ថែមទាំងបញ្ជាក់ប្រាប់ជាសារសរសេររៀបរាប់យ៉ាងដូច្នេះថា «ជាដំបូងស្ថាប័នយើងខ្ញុំសូមអភ័យទោសដល់ទស្សនិកជន ខាងស្ថាប័នយើងខ្ញុំពិតជាមិនចង់អោយមានបញ្ហាកើតឡើងឡើយ ប៉ុន្តែក្រោយពីទុកឱកាសដល់កញ្ញាច្រើនដង ប៉ុន្តែនៅតែមិនមានការកែប្រែ ស្ថាប័នយើងខ្ញុំខ្លាចមានបញ្ហាដល់ពេលប្រឡងថ្ងៃខាងមុខ យើងសូមប្រកាសដកកញ្ញា Miss Grand Cambodia តំណាងខេត្តកំពត ជាផ្លូវការតែម្តង។ បញ្ជាក់ ៖ យើងនឹងប្រកាសបេក្ខភាពដែលមកតំណាងខេត្តកំពត ក្នុងពេលឆាប់ៗនេះ ។ សូមអគុណ សង្ឃឹមពុកម៉ែបងប្អូននឹងយោគយល់ដល់ខាងស្ថាប័ន»។បន្ទាប់មកគណនី Miss Grand Cambodia ក៏បានបន្ថែមនៅក្នុងខមិនឱ្យដឹងទៀតថា «ខាងស្ថាប័នយើងបញ្ជាក់ប៉ុណ្ណឹងបងប្អូន ដើម្បីរក្សាកិត្តិយសដល់បេក្ខភាពផងដែរ»។
មហាជនទាំងប្រុសទាំងស្រីនាំគ្នាសម្រុកចូលទៅខមិននិយាយលើកឡើងតៗគ្នាថា «មនុស្សខ្មែរមួយចំនួនខ្សោយវិន័យ។ ចង់ឲ្យជាតិយើងខ្លាំងផ្តើមពីប្រជាជនត្រូវមានវិន័យជាមុនសិន» «ធ្វើបែបនេះត្រឹមត្រូវ ហើយបេក្ខភាពក្រោយៗគេនឹងគោរពតាមគោលការណ៍» «សូមគោរពតាមការសម្រេចចិត្តរបស់ស្ថាប័ន MGC»។ អ្នកខ្លះទៀតក៏បានខមិនដាក់ទៅចំៗថា «ខ្ញុំយល់ស្របនឹងការសម្រេចចិត្តមួយនេះ វិន័យនាំមកនូវភាពថ្លៃថ្នូរ» «មុខមាត់ស្អាតបាត តែខ្សោយសីលធម៌ និងវិន័យ គួរតែទទួលលទ្ធផលបែបនេះ ចំពោះខ្ញុំមិនអាណិត និងសោកស្ដាយនោះទេ បើធ្វើចរិតមិនត្រឹមត្រូវ គ្មានអ្នកណាគេទៅជួយគាំទ្រនោះទេ»។
យ៉ាងណាមិញ បើយើងនាំគ្នាក្រឡេកមកដឹងឃើញថា នេះបើតាមរយៈនៅក្នុងនោះខ្លឹមសារ ដែលខាងស្ថាប័នបង្ហោះភ្ជាប់ជាមួយរូបភាពរបស់កញ្ញា កែវ ស្រីលីននោះ ក៏បានបង្ហាញបញ្ជាក់អំពីហេតុផលផងដែរ ដែលមានចំនួន២ចំណុចនៅក្នុងករណីនេះ។ ដោយមូលហេតុដែលត្រូវស្ថាប័នបញ្ជាក់ គឺ ៖
១- កញ្ញាមិនគោរពតាមគោលកាលការណ៍ និងលក្ខខណ្ឌកុងត្រារបស់ក្រុមហ៊ុន។
២- កញ្ញាមិនគោរពពេលវេលា ពិបាកក្នុងការទំនាក់ទំនង ស្ថាប័ននឹងរៀបចំធ្វើទៅតាមផ្លូវច្បាប់តាមការចែងនៅក្នុងកុងត្រា៕