ក្រុមអ្នកស្រាវជ្រាវបានបង្ហាញនូវភស្តុតាងថ្មីមួយ ដែលអាចបញ្ជាក់ថា តួអង្គនៃបទ «បុប្ផាកំពង់ហាវ»
ភ្នំពេញ ៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ មានមហាជនជាច្រើនបានជជែកវែកញែកទាក់ទងនឹងចម្រៀងចំនួន៤បទ ក្នុងនោះរួមមាន ៖ បទ «បុប្ផាកំពង់ហាវ», បទ «ពេលត្រូវយំ», បទ «វិជ្ជរ៉ាមាសបង» និងបទ «បងផ្ញើកូនផង» ដែលមានអ្នកប្រើប្រាស់បណ្តេញសង្គមមួយចំនួន បានលើកឡើងថា សុទ្ធតែជារឿងពិត និងមានខ្លឹមសារទាក់ទងនឹងស្នេហារវាងលោក ស៊ីន ស៊ីសាមុត និងលោកស្រី ធីម វិជ្ជរ៉ា ម្តាយបង្កើតរបស់លោក បឺត សំរេច។
ក្រុមអ្នកស្រាវជ្រាវបានបង្ហាញនូវភស្តុតាងថ្មីមួយ ដែលអាចបញ្ជាក់ថា តួអង្គនៃបទ «បុប្ផាកំពង់ហាវ» ដែលតែងនិពន្ធ និងច្រៀងដោយលោក ស៊ីន ស៊ីសាមុត អាចជាលោកស្រី ធីម វិជ្ជរ៉ា ម្តាយរបស់លោក បឺត សំរេច មែន ប៉ុន្តែប្រហែលជាពេលនោះ ម្តាយចិញ្ចឹមរបស់លោក បឺត សំរេច ទទួលព័ត៌មានពីលោកស្រី ធីម វិជ្ជរ៉ា ខុស ព្រោះពួកគាត់នៅឆ្ងាយពីគ្នា។ ម្យ៉ាងទៀតអាចលោកស្រី ធីម វិជ្ជរ៉ា មិនចង់អោយបងស្រីរបស់គាត់ខឹងគាត់ពីរឿងនេះ។
ជុំវិញបញ្ហានេះ លោក វីរៈ វ៉ារ៉ានី អ្នកស្រាវជ្រាវ និងជាប្រធានក្រុមដំណើរខ្មែរបានរៀបរាប់ថា បទ «ពេលត្រូវយំ», បទ «វិជ្ជរ៉ាមាសបង» និងបទ «បងផ្ញើកូនផង» ពុំមានទាក់ទងនឹងរឿងពិតនៃជីវិតស្នេហារបស់លោក ស៊ីន ស៊ីសាមុត នោះទេ ហើយក៏មិនមែនជារឿងពិតរបស់អស់លោកកវីនិពន្ធរូបណាដែរ ព្រោះបទទាំងនេះ គឺជាចម្រៀងដកស្រង់ចេញពីក្នុងខ្សែភាពយន្តខ្មែរ ដែលអ្នកនិពន្ធជំនាន់នោះសរសេរសម្រាប់ដាក់បញ្ចូលក្នុងភាពយន្ត និងតម្រូវតាមសាច់រឿងរបស់ផលិតករតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា រាល់ចម្រៀងទាំងអស់ ដែលដកស្រង់ចេញពីខ្សែភាពយន្ត សុទ្ធតែជាការនិពន្ធប្រឌិតឡើងទៅតាមសាច់រឿងដែលផលិតករភាពយន្តបានផលិតតែប៉ុណ្ណោះ ពុំមែនជារឿងពិតរបស់នរណាមួយឡើយ។ តែចំពោះបទ «បុប្ផាកំពង់ហាវ» វិញ លោកបានស្រាវជ្រាវរកឃើញថា ជារឿងស្នេហាពិតរបស់លោក ស៊ីន ស៊ីសាមុត និងនារីពេទ្យ នាទឹកដីខេត្តកំពង់ឆ្នាំង។
លោកបញ្ជាក់បន្តថា ដោយថ្មីៗនេះ លោកបានស្រាវជ្រាវជួបសាក្សីមួយចំនួន ដែលដឹងពីរឿងរ៉ាវស្នេហានេះ មានកំណើតកើតឡើងនៅក្រោយរដ្ឋប្រហារនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលរដ្ឋាភិបាលតម្រូវអោយសិល្បករចូលបំរើការងារកងទ័ព ហើយរដ្ឋាភិបាលផ្អាកមិនអនុញ្ញាតអោយលោក ស៊ីន ស៊ីសាមុត និងលោក សុះ ម៉ាត់ បំរើក្នុងវង់តន្ត្រីព្រះរាជទ្រព្យទៀតដែរ ពេលនោះព្រះអង្គម្ចាស់ នរោត្តម ចន្ទលេខា ហៅម្ចាស់តូ ក៏បានសម្រួលអោយលោកទាំងពីរទៅបំរើការយោធានៅស្រុកកំពង់លែង ខេត្តកំពងឆ្នាំងសិន ចាំពេលស្ថានភាពល្អប្រសើរវិញ ព្រះអង្គនឹងជួយអោយលោកទាំងពីរត្រឡប់មកកាន់ការណ៍នៅភ្នំពេញវិញ។
លោកបន្តថា លោក ស៊ីន ស៊ីសាមុត ក៏ចូលធ្វើពេទ្យយោធា ឯលោក សុះ ម៉ាត់ ជាកងទ័ពប្រយុទ្ធនៅសមរភូមិ តែលោកទាំងពីរឧស្សាហ៍ឡើងចុះភ្នំពេញជាញឹកញាប់។ ពេលនោះ លោក ស៊ីនស៊ីសាមុត ទៅធ្វើការនៅទីនោះ ហើយលោកក៏ជំពាក់ចិត្តស្នេហាជាមួយនារីពេទ្យ ហើយក៏បានតែងចម្រៀងនេះឡើង រួចពេលសំរាកពីការងារ លោកក៏បានថតបទនេះសម្រាប់ផ្សាយតាមវិទ្យុជាតិ។ ដូចមានភស្តុតាងនៅសេសសល់សំឡេងលោកស្រី ហួយ មាស ធ្វើអធិប្បាយ បញ្ជាក់ថា បទ «បុប្ផាកំពង់ហាវ» ជាស្នាដៃនិពន្ធរបស់លោក ស៊ីន ស៊ីសាមុត ទាំងបទភ្លេង និងទំនុកច្រៀង។
លោកបន្តទៀតថា ចំណែកបទ «វិជ្ជរ៉ាមាសបង» វិញ បកស្រាយដោយលោក ស៊ីន ស៊ីសាមុត ជាចម្រៀងដកស្រង់ចេញពីខ្សែភាពយន្តបុរាណខ្មែររឿង «ដាវឆ្វេងស្តាំ» នៃផលិតកម្មវណ្ណចន្ទភាពយន្ត ដឹកនាំរឿងដោយ សូរ ម៉ាន់ឈីវ បញ្ចាំងជាលើកដំបូងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧២ នារោងភាពយន្តភ្នំពេជ្រ ហើយសម្តែងដោយ តារា វ័ណ វណ្ណៈ, ទិត្យ វិជ្ជរ៉ាដានី, ត្រង់ដឺ ឪ ឌុំ, លឹម សាផន រួមទាំងតារាជាច្រើនដួងទៀត។ ក្នុងខ្សែភាពយន្តបុរាណប្រឌិតបែបគុននិយមនេះ តួឯកស្រី ឈ្មោះនាង វជ្ជារ៉ា ជានារីគុននិយមខាងផ្នែកកា.ប់ដាវ សម្តែងដោយលោកស្រី ទិត្យ វិជ្ជរ៉ាដានី។ ដូច្នេះបទ «វិជ្ជរ៉ាមាសបង» ជាគូនឹងបទ «ចិត្តជាឈ្លើងដៃជើងជាមា» ច្រៀងដោយលោកស្រី ប៉ែន រ៉ន ដែលបានចេញផ្សាយលក់លើថាសអូឡាំពិក លេខ៨០២២។
ចំពោះបទ «បងផ្ញើកូនផង» មានចំណងជើងដើមថា «ឃ្មុំព្រាត់ផ្កា» វិញ ក៏ជាចម្រៀងដកស្រង់ចេញពីខ្សែភាពយន្តដែរ គឺរឿង «ស្រីណាមិនយំ» របស់ផលិតកម្មបាយ័នភាពយន្ត ដឹកនាំរឿងដោយ សូរ ម៉ានឈីវ បញ្ចាំងជាលើកដំបូងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៧៤ នារោងភាពយន្តចេនឡា និងរោងភាពយន្តភ្នំពេជ្រ។ បទ «បងផ្ញើកូនផង» គឺជាបទចម្រៀងចុងក្រោយនៃសាច់ «ស្រីណាមិនយំ» នេះ ដែលតួឯកប្រុស វលក្ខណ៍ សម្តែងដោយលោក គង់ សំអឿន បីកូនស្រីរបស់ខ្លួនយកទៅជូនប្អូនថ្លៃខ្លួនឈ្មោះ សោភា សម្តែងដោយ លោកស្រី ទិត្យ វិជ្ជរ៉ាដានី ដែលកំពុងរៀបមង្គលការអោយជួយចិញ្ចឹម ដោយភរិយារបស់ខ្លួនឈ្មោះ សោភ័ណ សម្តែងដោយលោកស្រី ពៅធីតា បានយកកាំភ្លើ.ងបា.ញ់សម្លា.ញ់ខ្លួន ព្រោះតែឈឺចាប់នឹងសេចក្តីស្នេហា។
យ៉ាងណាមិញ ចំពោះឈ្មោះ វិជ្ជរ៉ា ក្រៅពីចម្រៀង និងភាពយន្តទាំង៣ខាងលើនេះ ក៏មានភាពយន្តមួយចំនួនទៀត ក៏មានតួស្រីឈ្មោះ វិជ្ជរ៉ាដែរ ដូចជារឿង «ស្នាមស្នេហ៍ព្រៃគុក», រឿង «ជំនោរបឹងស្នោរ», រឿង «បងនិងអូន» ជាដើម។ យ៉ាងណា បើតាមលោក វីរៈ វ៉ារ៉ានី ថា អ្វីដែលលោកបានរៀបរាប់នេះ តាមការស្រាវជ្រាវនេះ លោកសូមស្នើដល់មហាជនទាំងអស់ មេត្តាជ្រាបចៀសរៀងការយល់ច្រឡំទាំងឡាយ ដែលនាំអោយខុសទិដ្ឋភាពនៃប្រវត្តិភាពយន្ត និងចម្រៀងខ្មែរ ៕