ស្នងការនគរបាលខេត្ត ដឹកនាំសហការ ចុះជួបសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាជូនដល់កងកម្លាំងនគរបាលវរសេនាតូចលេខ៣០៣ ដែលកំពុងឈរជើងទប់ស្កាត់ពួកឧទ្ទាម ដែលឆ្លងកាត់នៅតាមខ្សែបន្ទាត់ព្រំដែន

មណ្ឌលគិរី ÷ នាថ្ងៃអាទិត្យ ១៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ព្រមទាំងលោកស្នងការរង និងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត។ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក លេខ៣០៣ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនទប់ស្កាត់រាល់ការឆ្លងដែនរបស់ពួកឧទ្ទាមដែលមានបំណងឆ្លងដែនចូលក្នុងទឹកដីនៃប្រទេសកម្ពុជា។

លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគរួមមានដូចជា៖ តង់ , មី , ទឹកត្រី , ប្រេងឆា , ត្រីខ , ប៊ី ចេង , អង្ករ , ទឹកសុទ្ធ វីតាល់ , អាហារក្រៀម , និងថវិកាមួយចំនួន ប្រគល់ជូនដល់កងកម្លាំងនគរបាលដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន និងនៅតាមបណ្ដាប៉ុស្តិ៍ការពារព្រំដែនមានដូចជា ប៉ុស្តិ៍ប៊ូស្រា ប៉ុស្តិ៍ដាក់ចូ ប៉ុស្តិ៍ដាក់ចម ប៉ុស្តិ៍ក្បាលដំរី ប៉ុស្តិ៍ម្រើច និងប៉ុស្តិ៍អូររូ និងបានពិនិត្យមើលទៅលើស្ថានភាពផ្លូវដែលកំពុងជួបការលំបាកដល់ កងកម្លាំងក្នុងការចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន។ មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបានមានប្រសាសន៍ណែនាំដល់កម្លាំងនគរបាលកំពុងស្នាក់នៅប្រចាំការតាមប៉ុស្តិ៍អង្កេតការណ៍បង្កើននូវការត្រៀមទប់ស្កាត់នូវរាល់ការលួចចូលរបស់ក្រុមពួកឧទ្ទាមដែលមានបំណងប៉ុនប៉ងឆ្លងដែន ចូលមកទឹកដីកម្ពុជាយើង។

លោកឧត្ដមសេនីយ៍ទោ បានថ្លែងអំណរគុណ និងបានណែនាំទៅដល់កងកម្លាំងនគរបាល សូមអោយមានសុខភាពល្អ រស់នៅអោយមានអនាម័យ ការស់នៅស្អាត ហូបស្អាតថែរក្សាសុខភាព អោយបានល្អដើម្បីបម្រើជាតិមាតុភូមិ៕

អត្ថបទដែលជាប់ទាក់ទង