តារាចម្រៀងលោក យឿន សូតអនុស្សាវរីយ៍ បានប្រកាសបញ្ចប់កុងត្រាជាមួយផលិតកម្មសាន់ដេ
ភ្នំពេញ ៖ ស្ងាត់ៗ ស្រាប់តែតារាចម្រៀងលោក យឿន សូតអនុស្សាវរីយ៍ បានប្រកាសបញ្ចប់កុងត្រាជាមួយផលិតកម្មសាន់ដេ បន្ទាប់ពីជ្រកក្រោមផលិតកម្មមួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការបញ្ចប់កុងត្រាមានន័យថា ម្ចាស់បទ «ទីងមោង» គឺលោក យឿន សូតអនុស្សាវរីយ៍ លែងជាតារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេទៀតហើយ ខណៈពេលតារាចម្រៀងរូបនេះ នឹងចូលរួមជាមួយផលិតកម្មថ្មីមួយទៀតនាពេលអនាគត។
តារាចម្រៀងលោក យឿន សូតអនុស្សាវរីយ៍ បានបង្ហោះសារនៅបណ្តាញសង្គមរបស់ខ្លួនថា «ខ្ញុំបាទ យឿន សូតអនុស្សាវរីយ៍ សូមប្រកាសជាសាធារណៈថា ខ្ញុំបាទបានបញ្ចប់កុងត្រាការងារជាមួយផលិតកម្ម សាន់ដេ (SUNDAY PRODUCTION) ជាផ្លូវការហើយ»។
លោក យឿន សូតអនុស្សាវរីយ៍ ថា គ្មានការជួបជុំណាដែលមិនបែកគ្នានោះទេ ប៉ុន្តែអនុស្សាវរីយ៍ល្អៗជាច្រើនរាប់មិនអស់បានដក់ជាប់ក្នុងក្រអៅបេះដូងខ្ញុំជានិច្ចនិរន្តរ៍។
ជាចុងក្រោយ ក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់ ដែលបានគាំទ្រខ្ញុំបាទ តាំងពីដើមរហូតដល់បច្ចុប្បន្ន»។ ប៉ុន្តែទស្សនិកជនជាច្រើននាក់បានដាក់ការសង្ស័យថា លោក យឿន សូតអនុស្សាវរីយ៍ ទំនងជានឹងអាចទៅចូលរួមជាមួយផលិតកម្ម Galaxy Navatra ខណៈពេលដែលផលិតកម្មមួយនេះ កំពុងតែធ្វើការប្រមូលតារាចម្រៀងល្បីៗជួរមុខមកចូលរួមជាមួយផលិតកម្មរបស់ខ្លួនផងដែរ៕