សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពកំណត់ឱ្យមានជាប្រចាំឆ្នាំនូវព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញអ្នកទេសចរ

(សៀមរាប)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៨ នៅក្នុងខេត្តសៀមរាប នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឯកភាពបង្កើតនូវព្រឹត្តិការណ៍ប្រចាំឆ្នាំឱ្យបានច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំបានឯកភាពជាមួយការស្នើសុំរបស់ឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប៉ុន្មានថ្ងៃមុន នៅក្នុងការបង្កើតនូវព្រឹត្តិការណ៍ប្រចាំឆ្នាំច្រើនកន្លែង ទាំងនៅសៀមរាប ទាំងនៅកន្លែងផ្សេងៗ ទាំងព្រឹត្តិការណ៍កីឡា ព្រឹត្តិការណ៍វប្បធម៌ ជាប្រចាំឆ្នាំតែម្តង»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កិច្ចការនេះគឺសំខាន់ដោយនៅពេលដែលសម្តេចបានប្រជុំជាមួយបងប្អូននៅក្នុងវិស័យទេសចរណ៍ តែងតែបានស្នើសុំសម្តេចឱ្យពួកគាត់បានដឹងថា មានកម្មវិធីអ្វីខ្លះ ពេលណាខ្លះ ដើម្បីបានរៀបចំផែនការទាក់ម៉ូយផង។ ដូចនេះពេលដែលអនុញ្ញាតឱ្យមានឲ្យមានព្រឹត្តិការណ៍ជាប្រចាំឆ្នាំបែបនេះ គឺជាកិច្ចការងាយស្រួលនៅក្នុងវិស័យទេសចរណ៍ អាចរៀបចំជាកញ្ចប់ទេសចរណ៍បានល្អ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ភាពជាដៃគូររវាងរដ្ឋ និងឯកជនជាមួយរដ្ឋ នៅក្នុងការជំរុញការអភិវឌ្ឍសេដ្ឋគឺល្អណាស់ ដោយរាជរដ្ឋាភិបាលបានចរចាត្រឹមតែបើកទ្វារទេ ត្រឹមតែបានតភ្ជាប់ទេ ប៉ុន្តែវិស័យឯកជន និងរដ្ឋ ត្រូវដើរធ្វើការជាមួយគ្នា ដើម្បីធ្វើយ៉ាងម៉េចឲ្យទ្វាដែលបានបើកហើយត្រូវមានមនុស្សចេញចូលឱ្យបានច្រើន។ រដ្ឋាភិបាលជាក់ស្តែងបានធ្វើការតភ្ជាប់ ដើម្បីការហោះហើរជាមួយបណ្ដាប្រទេសផ្សេងៗ និងគោលដៅជាច្រើនទៀត មកកាន់តំបន់ទេសចរណ៍របស់កម្ពុជា ហើយការហោះហើរនេះអាចទៅរួចគឺអាស្រ័យមានមនុស្សជិះដែរ ដូចនេះត្រូវធ្វើយ៉ាងណាឱ្យមានការទាក់ទាញភ្ញៀវទេសចរផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាដែរថា ជាវិស័យឯកជន ជាអ្នកដើរតួនាទីសំខាន់នៅក្នុងការផលិតនូវផលិតផលទេសចរណ៍ ដើរទាក់ម៉ូយបន្ថែម ផ្គូរផ្គងគ្នាដើម្បីធ្វើការជាមួយគ្នា ទើបទទួលបានជោគជ័យ។
សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលមិនចេះធ្វើជំនួញទេ ហើយក៏មិនចាំបាច់ឱ្យរដ្ឋាភិបាលធ្វើការងារពាណិជ្ជកម្ម ឫធុរកិច្ចដែរ គឺទុកឱ្យអ្នកធុរកិច្ចជាអ្នកធ្វើធុរកិច្ចទើបវាចំនេញជាង រដ្ឋាភិបាលគ្រាន់តែចរចារបើកិច្ចព្រមព្រៀង ភ្ជាប់ទំនាក់ទំនង ផ្តល់គោលការណ៍ដើម្បីលើកទឹកចិត្ត ផ្តល់គោការណ៍អនុគ្រោះពន្ធ ផ្តល់គោលការណ៍រៀបចំការស្វាគមន៍បានល្អ ប៉ុន្តែការរៀបចំផលិតផលជាក់ស្តែង និងការផ្សព្វផ្សាយ និងការស្វាគមន៍ភ្ញៀវទេសចរ គឺអាស្រ័យលើអ្នកនៅក្នុងវិស័យទេសចរណ៍នេះឯង៕

អត្ថបទដែលជាប់ទាក់ទង