សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី ៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យ អាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
សម្តេចធិបតី បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ។
សម្តេចបានលើកឡើងដូច្នេះថា «ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យ អាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ការជំរុញការនាំចេញនៅ នឹងកន្លែង, ការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើនចំណូលជាតិ, ការចូលរួមដល់ការអភិរក្ស វប្បធម៌ និង ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់»។
សម្តេចធិបតី ក៏បានលើកឡើងទៀតថា វិស័យទេសចរណ៍ក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ ក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ឱ្យកើនឡើងប្រមាណ១៣ដង ចាប់ពីឆ្នាំ១៩៩៣-២០២៣។
តាមរបាយការណ៍របស់ លោក សុខ សូកេន រដ្ឋមន្តី ក្រសួងទេសចរណ៍, កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៥,៤៥ លាននាក់ ក្នុងឆ្នាំ ២០២៣ ហើយសង្ឃឹមថា ចំនួនភ្ញៀវអន្តរជាតិមកកម្ពុជាអាចនឹងត្រលប់ទៅរកស្ថានភាព មុនវិបត្តិជំងឺកូវីដ-១៩ ត្រឹមឆ្នាំ ២០២៥។
សម្តេចធិបតី នៅតែមានសុទិដ្ឋិនិយមថា វិស័យ ទេសចរណ៍នឹងនៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារ, មុខរបរ, ប្រាក់ចំណូល និង រួមចំណែកការសម្រេចបានគោលដៅនៃ យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី ១, ជាពិសេសរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។
សម្តេចសូមវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ លោក សុខ សូកេន ដែលក្នុងរយៈពេលជាង ៦ ខែ មកនេះ បានខិតខំដាក់ចេញនូវផែនការ យុទ្ធសាស្ត្រថ្មីៗ ពិសេសគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ ៣» និង ទិសដៅកែទម្រង់ មុតស្រួចមួយចំនួនទៀត រួមទាំងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន ដើម្បីជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និង បរិយាប័ន្ន, ជាពិសេសការកែសម្រួល ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីពង្រឹងភាពជាដៃគូរវាង វិស័យរដ្ឋ និងឯកជន ឈានដល់ការដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យទេសចរណ៍ជា លក្ខណៈកញ្ចប់ និង ក៏ជាយន្តការស្ថាប័នមួយសំខាន់ទ្រទ្រង់ដល់យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ ២០២៤» ផងដែរ។ ក្នុងន័យនេះ សម្តេចសូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ផ្តល់ កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវចក្ខុវិស័យខាងលើនិង ជំរុញការអនុវត្តគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងវិស័យទេសចរណ៍នានាឱ្យទទួលបានជោគជ័យ៕