ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រទេសព្រុយណេ អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ

(ភ្នំពេញ)៖ នេះបើយោងតាមព្រះរាជសារ ដែលបកប្រែជាភាសាខ្មែរ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ បានផ្ញើព្រះរាជសារ អញ្ជើញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ។

ក្នុងព្រះរាជសារនោះ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ នៃប្រទេសព្រុយណេ បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ខ្ញុំមានក្តីរីករាយណាស់ដោយបានជួបសម្ដេចតេជោ ជាថ្មីម្តងទៀត ក្នុងឱកាសព្រះរាជទស្សន កិច្ចថ្មីៗរបស់ខ្ញុំនៅប្រទេសកម្ពុជា ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និង ការរៀបចំទទួលយ៉ាងល្អឥតខ្ចោះ ព្រមទាំងអាហារពេលព្រឹកដែលសម្តេចតេជោ បានរៀបចំទទួលនៅ សណ្ឋាគាររ៉ូសវូដ (Rosewood)។
វាជាឱកាសដ៏ល្អ ដែលបានជួបជាមួយកូនប្រុសៗរបស់សម្ដេចតេជោ ដែលរួមទាំង នាយករដ្ឋមន្តី ហ៊ុន ម៉ាណែត ហើយខ្ញុំសប្បាយរីករាយណាស់ចំពោះការសន្ទនារបស់ពួកយើង។
ខ្ញុំមានក្តីសោមនស្ស ដែលបានឮថា សម្តេចតេជោ បានទទួលនូវតួនាទីថ្មីជា ប្រធានព្រឹទ្ធសភា និងខ្ញុំសូមជូនសព្ទសាធុការពរ មហាប្រសើរចំពោះសម្តេចតេជោ សូមសម្រេចបាននូវសមិទ្ធផលឧត្តុង្គឧត្ដម ក្នុងពេលអនាគត។
ជាចុងក្រោយនេះ ខ្ញុំសូមអញ្ជើញ សម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណ ដារូស្សាឡាម ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជន និងប្រទេសយើង ទាំងពីរ។ ដោយការគោរពរាប់អាន និងសូមជូនសព្ទសាធុការពរមហាប្រសើរចំពោះសម្ដេចតេជោ និង ក្រុមគ្រួសារ សូមបន្តមានសុខភាពល្អបរិបូណ៌ និង សុភមង្គល»។
សូមរំលឹកថា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ នៃប្រទេសព្រុយណេ ទើបតែបានយាងមកកម្ពុជា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ការយាងមកកាន់កម្ពុជានាពេលនេះរបស់ព្រះអង្គ គឺដើម្បីសោយព្រះក្រយានាព្រឹកថ្ងៃទី៣០ ខែមេសា ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្អូនធម៌៕

 

អត្ថបទដែលជាប់ទាក់ទង