យប់ស្អែកនេះ ! Euro 2024 ៖ Yamal ត្រៀមសាងកំណត់ត្រាមួយចំនួនទៀត ពេលអេស្ប៉ាញ ប៉ះអង់គ្លេស
(ម៉ូនិច)៖ ខ្សែបម្រើ Lamine Yamal ដែលទើបឈានចូលវ័យ ១៧ឆ្នាំនាថ្ងៃសៅរ៍ ទី១៣ ខែកក្កដានេះ ត្រៀមនឹងកសាងកំណត់ត្រាជាច្រើនទៀត ពេលគោជល់អេស្ប៉ាញប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2024 ទល់នឹងអង់គ្លេសនៅរាត្រីថ្ងៃអាទិត្យស្អែកនេះ។
បច្ចុប្បន្នកីឡាករវ័យក្មេងដែលត្រូវបានអេស្ប៉ាញ ជ្រើសរើសចេញពីក្លិបក្នុងស្រុក FC Barcelona បានកសាងកំណត់ត្រាធំៗចំនួន១១ មកហើយទាំងក្នុងក្លិប និងជម្រើសជាតិ ស្របពេលរូបគេទើបមានវ័យតែជាង ១៦ឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាម Channel Telegram នៃ Euro 2024 ចេញផ្សាយកាលពីម្សិលមិញ។
យ៉ាងនេះក្តី Yamal នឹងមានវ័យ ១៧ឆ្នាំ និង ១ថ្ងៃនៅពេលអេស្ប៉ាញ ប្រកួតផ្តាច់ព្រ័ត្រដណ្តើមពាន Euro 2024 នារាត្រីថ្ងៃអាទិត្យ ទី១៤ ខែកក្កដាស្អែកនេះ ជាមួយនឹងកំណត់ត្រាថ្មីទៀតនឹងកើតមានផងដែរ ប្រសិនបើរូបគេធ្វើបានពិតមែន។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ UEFA នៅថ្ងៃនេះ។
១៖ Yamal នឹងក្លាយជាកីឡាករក្មេងជាងគេ បង្ហាញខ្លួនវគ្គផ្តាច់ព្រ័ត្រនៅ Euro បំបែកកំណត់ត្រាចាស់របស់ Renato Sanches មានវ័យ ១៨ឆ្នាំ និង ៣២៨ថ្ងៃ ពេលព័រទុយហ្គាល់ យកឈ្នះម្ចាស់ផ្ទះបារាំងកាលផ្តាច់ព្រ័ត្រ Euro 2016។
២៖ ប្រសិនបើ Yamal រកបានគ្រាប់បាល់ នោះរូបគេនឹងបំបែកកំណត់ត្រារបស់ Pietro Anastasi ដែលមានវ័យ ២០ឆ្នាំ និង ៦៤ថ្ងៃ ដែល volley ជើងស្តាំចូលទីយ៉ាងស្អាត ពេលអ៊ីតាលីប្រកួតផ្តាច់ព្រ័ត្រទល់នឹងយូហ្គោស្លាវី ដណ្តើមបានជើងឯក Euro 1968 នៅទីក្រុង Rome។
៣៖ Yamal នឹងបំបែកកំណត់ត្រារបស់លោក Pele ដ្បិតអតីតវីរបុរសប្រេស៊ីល បង្ហាញខ្លួននៅផ្តាច់ព្រ័ត្រ World Cup មានវ័យត្រឹមតែ ១៧ឆ្នាំ និង ២៤៩ថ្ងៃ ដែលបានរួមចំណែកជួយសាំបាប្រេស៊ីល បំបាក់ស៊ុយអែត ៥-២ កាលពី World Cup 1958 ដែលលោករកបាន ២គ្រាប់ទៀតផង៕