Villa ខិតជិតនឹងចុះកិច្ចសន្យានាំយកខ្សែបម្រើ Onana របស់ Everton ក្នុងតម្លៃ ៥០លានផោន

(ឡុងដ៍)៖ Aston Villa បានស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ ដើម្បីចុះកិច្ចសន្យានាំយកខ្សែបម្រើ Amadou Onana មកពីក្លិប Everton ក្នុងតម្លៃ ៥០លានផោន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
កីឡាករវ័យ ២២ឆ្នាំរូបនេះ បានបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិបែលហ្ស៊ិក នៅឯព្រឹត្តិការណ៍ Euro 2024 ហើយអាចមានឱកាសលេងនៅព្រឹត្តិការណ៍ Champions League នៅរដូវកាលក្រោយផងដែរ។
Onana បានចូលរួមជាមួយក្លិប Everton ផ្ទេរមកពីក្លិប Lille ក្នុងតម្លៃ ៣៣លានផោន កាលពីខែសីហា ឆ្នាំ២០២២ ហើយបានបង្ហាញខ្លួន ៧២លើកឱ្យក្លិប Everton ដោយរកបាន ៤គ្រាប់។
ខ្សែបម្រើដើមកំណើតសេណេហ្គាល់ Onana ក៏ធ្លាប់លេងឱ្យក្លិបអាល្លឺម៉ង់ Hamburg ផងដែរ។
សូមជម្រាបថា Villa បានស្ថិតក្នុងទីផ្សារស្វែងរកខ្សែបម្រើថ្មី បន្ទាប់ពីលក់កីឡាករ Douglas Luiz ទៅកាន់ក្លិប Juventus ក្នុងតម្លៃ ៤២.៣៥លានផោនកាលពីខែមុន៕

អត្ថបទដែលជាប់ទាក់ទង