អេស្ប៉ាញ ក្លាយជាអធិរាជនៅអឺរុប ក្រោយផ្តួលអង់គ្លេស លើកពាន Euro គម្រប់លើកទី៤ ច្រើនជាងគេ

(ប៊ែកឡាំង)៖ ក្រុមបាល់ទាត់គោជល់អេស្ប៉ាញ បានក្លាយជាអធិរាជប្រចាំតំបន់អ៊ឺរ៉ុប តាមរយះយកឈ្នះគូប្រជែងតោកំណាចអង់គ្លេស ២-១ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះ ដើម្បីគ្រងជើងឯក Euro 2024 គម្រប់លើកទី៤ ច្រើនជាងគេ។
នេះមានន័យថា ពួកគេបាននាំមុខម្ចាស់អាល្លឺម៉ង់ដែលឈ្នះបាន ៣លើក។ អេស្ប៉ាញ បានស្គាល់រសជាតិពាន ៤ឆ្នាំម្តងនេះលើកដំបូងក្នុងឆ្នាំ១៩៦៤ និង ៣លើកផ្សេងទៀតក្នុងឆ្នាំ២០០៨ ២០១២ និងឆ្នាំ២០២៤ នេះ។
ក្រុមគោជល់មួយនេះធ្វើបានល្អមែនទែន ដោយលេង ៧ប្រកួតរហូតដល់លើកពាននេះ មិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះក្នុងប្រកួតពេញម៉ោង ៩០នាទី ៦ដង និងលេងថែមម៉ោង ១៥នាទី ២ដង ពេលឈ្នះម្ចាស់ផ្ទះអាល្លឺម៉ង់ ២-១។
ក្នុងការប្រកួត ៩០នាទីនៅកីឡដ្ឋាន Olympiastadion ខ្សែបម្រើដែលឈ្នះពាន Man of the Match គឺ Lamine Yamal បានបោះបាល់ឲ្យ Nico Williams រកបានគ្រាប់បើកឆាកនៅដើមវគ្គទី២ នៅមុនពេល Cole Palmer ជួយអង់គ្លេសតាមស្មើវិញនៅនាទី៧៣ ដែលជាការបញ្ជូនរបស់ Jude Bellingham។
ជំនួបផ្តាច់ព្រ័ត្រដ៏តានតឹងនេះបានបន្តរហូតដល់នាទី៨៦ ទើបកីឡាករ Mikel Oyarzabal រកបានគ្រាប់ជ័យជម្នះ ២-១ ឲ្យអេស្ប៉ាញ បន្តក្តីខកចិត្តជាលើកទី២ ទៀតដល់អង់គ្លេស ដែលបានត្រឹមរងជើងឯក ២សម័យចុងក្រោយជាប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង